(ស្ទឹងត្រែង)៖ លោក ឡូយ សុផាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្ទឹងត្រែង និងលោក ផៃ ប៊ុនឈឿន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងលោក ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាជាង ៣ពាន់នាក់ បើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងក្រុងស្ទឹងត្រែង។

យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ត្រូវបានចាប់ផ្តើម នៅថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២នេះ។ ការឃោសនានេះ មានរយៈពេល ២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃនេះរហូតដល់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

ក្នុងឱកាសនោះដែរ លោក ស្វាយ សំអ៊ាង បានឡើងអានសាររបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងអាននូវសមិទ្ធផលជាប្រវត្តិសាស្រ្តដែលគណបក្សប្រជាជនកម្ពុជា បានសម្រេចជូនជាតិ និងប្រជាជន។

ឆ្លៀតឱកាសនេះដែរ លោក ឡូយ សុផាត បានថ្លែងអំណរគុណ ដល់សមាជិកគ្រប់រូប ដែលបានដាក់ការជឿជាក់មកលើបក្សប្រជាជនកម្ពុជា ជារៀងរហូតមក៕