(ភ្នំពេញ)៖ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ លោក ឃួង ស្រេង បានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក ខ្វះស្បៀងអាហារបរិភោគ អាចទៅទាក់ទងនៅទីស្នាក់ការសាខា កាកបាទក្រហម ឬទីស្នាក់ការបក្សប្រជាជនកម្ពុជា សាលាសង្កាត់-ខណ្ឌនោះ មន្ត្រីប្រចាំការនៅទីនោះ នឹងចាត់ចែងផ្តល់ជូនបងប្អូន គឺមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់បាយនោះទេ។

ការណែនាំបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ ខណៈដែលលោក និងលោកស្រី ជា ស៊ីណា ឃួងស្រេង ជួបសំណេះសំណាល និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ និងអ្នករើសអេតចាយ សរុប៥៦២នាក់ នៅក្នុងវត្តនាគវ័ន្ត ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្ដេចទាំងទ្វេ តែងបានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះជីវភាពបងប្អូនប្រជាពលរដ្ឋនៅកម្ពុជា ពោលសម្ដេចមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយនោះទេ។

លោក ឃួង ស្រេង បានថ្លែងថា «បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជួបបញ្ហាខ្វះខាតនៅក្នុងជីវភាពគ្រួសារខ្លាំង សូមបងប្អូនទំនាក់ទំនងទៅសាខា-អនុសាខាកាកបាទក្រហមនៅតាមសាលាសង្កាត់ សាលាខណ្ឌ ក៏ដូចជានៅតាមបក្សសង្កាត់ បក្សខណ្ឌ ដែលនៅជិតផ្ទះបងប្អូនប្រជាពលរដ្ឋ នោះបងប្អូននឹងទទួលបានស្បៀងអាហារ ជាក់ជាមិនខាន។ សូមបងប្អូនប្រជាពលរដ្ឋជឿទុកចិត្តមកលើអាជ្ញាធរដែនដី គឺមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋ ណាម្នាក់ ស្លាប់ដោយខ្វះស្បៀងអាហារ ហើយអាជ្ញាធរមិនបានដឹងលឺនោះទេ»។

លោក ឃួង ស្រេង ក៏បានមានប្រសាសន៍បញ្ជាក់ផងដែរថា អំណោយដែលត្រូវចែកជូនបងប្អូនប្រជាពលរដ្ឋទាំង៥៦២នាក់នេះ គឺជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដោយក្នុងម្នាក់ៗ ទទួលបានអង្ករ ៣០គីឡូក្រាម មី១កេស ទឹកស៊ីអ៊ីវ ប្រេងឆា ត្រីខ និងថវិកា២ម៉ឺនរៀល៕