(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ព្រះចៅអធិការវត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្តកំពង់ធំ អភិបាលស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ សហភាពសហព័ន្ធយុវជន កងកម្លាំងទាំង៣ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជិត៣០០នាក់ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញចូលរួមប្រារព្ធទិវាជាតិ នៃការចងចាំ២០ ឧសភា នៅវត្តឌួងសូរិយា (ហៅវត្តក្តីដូង) ស្ថិតនៅភូមិក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោកអភិបាលខេត្ត បានថ្លែងថា ដោយសារការដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាំឲ្យសង្គមជាតិមានសន្តិភាព ទើបមានសេចក្តីសុខ សុភមង្គលនៅក្នុងក្រុមគ្រួសារ ប្រជាពលរដ្ឋរួចចាកផុត ពីជាភាពក្រលំបាក ដោយមានការ ខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។

ទិវាជាតិនៃការចងចាំ ២០ឧសភា ជាកម្មវិធីរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។

ទិវាជាតិនៃការចងចាំ២០ឧសភា ត្រូវបានសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជាកំណត់រៀបចំឡើងនៅឆ្នាំ១៩៨៣ ដោយហៅថា «ទិវាចងកំហឹង» ដើម្បីជាការចងកំហឹងទៅនឹងរបបខ្មែរក្រហមដែលបានកាប់សម្លាប់ ប្រជាពលរដ្ឋខ្មែរ។ ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃកំណើត របស់សហកររបស់របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ហើយបានបន្តសង្គ្រាមរហូតឈានដល់ការគ្រប់គ្រងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។

«ទិវាជាតិនៃការចងចាំ» ទើបត្រូវរាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមកំណត់ជាថ្ងៃបុណ្យជាតិ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០១៨។ ការកំណត់យកថ្ងៃនេះធ្វើជាថ្ងៃបុណ្យជាតិផ្លូវការ សម្រាប់ជាការរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។

បន្ថែមពីនេះ លោក ងួន រតន: បានផ្តាំផ្ញើឱ្យបងប្អូនទាំងអស់អញ្ជើញចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីការពារ នូវជំងឺកូវីដ-១៩។ ការធ្វើដំណើរទៅណាមកណាត្រូវប្រុងប្រយ័ត្នពិសេសពាក់មួកសុវត្ថិភាពកុំឱ្យ មានគ្រោះថ្នាក់ជៀសឲ្យ ឆ្ងាយពីគ្រឿងញៀន និងប្រុងប្រយ័ត្នចំពោះបាតុភាពផ្សេងៗដែលកើតឡើងជាយថាហេតុ៕