(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួប «ទិវាជាតិនៃការចងចាំ» ស្ថិតនៅបរិវេណស្តូបគោរពវិញ្ញាណក្ខន្ធ ភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

លោក ម៉ែន វិបុល បានសម្តែងនូវការសង្រួមចិត្តគោរពវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ និងបងប្អូនប្រជាពលរដ្ឋរាប់លាននាក់ ដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌បំផុតដោយសារសង្គ្រាម និងអំពើប្រល័យពូជសាសន៍ ហើយសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់អស់ លោកអ្នក ទាំងនោះ សូមបានទៅកាន់សុគតិភព ជារៀងដរាបតទៅ។

លោកបន្តថា ការជួបជុំប្រារព្ធទិវាជាប្រវត្តិសាស្ត្រនាពេលនេះ គឺស្ថិតនៅក្នុងស្ថានភាព នៃសភាពការណ៍របស់ប្រទេសជាតិ ដែលកំពុងតែមានការរីកចម្រើន ប្រកបដោយសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

លោកបានបន្ថែមថា «បើយើងក្រឡេកមើលទៅអតីតកាលពីជាង ៤០ឆ្នាំមុន ដែលយើងទាំងអស់គ្នានៅតែចងចាំជានិច្ចនោះ គឺភាពឈឺចាប់ខ្លោចផ្សារមិនអាចបំភ្លេចបាន ដែលសង្គមជាតិយើងទទួលរងវិនាសកម្មដោយសារសង្គ្រាម និងការកាប់សម្លាប់ប្រជាជនឯងអស់ជាងបីលាននាក់ និងការបំផ្លាញហេដ្ឋា-រចនាសម្ព័ន្ធខ្ទេចខ្ទីគ្មានសល់ ពីពួកបនប្រល័យពូជសាសន៍ប៉ុលពត ហើយបើគ្មាន ការបង្កើតឡើងនូវនូវរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ និង ការដឹកនាំ ប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្ដេចអគ្គមហា ធម្មពោធិសាល ជា ស៉ីម សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចអគ្គមហាសេនាបតីបតីតេជោ ហ៊ុន សែន ព្រមទាំងមានការជួយឧបត្ថម្ភយ៉ាងធំធេង និងទាន់ពេលវេលា ពីសំណាក់កងទ័ព ស្ម័គ្រចិត្តវៀតណាម នាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ទេនោះ ម្ល៉េះសមប្រទេសជាតិយើងកំពុងញាំញីដោយសារសង្គ្រាម ហើយក៏មិនអាចមានអ្វីៗដូចសព្វថ្ងៃនេះបានឡើយ ដែលនេះគឺជាសច្ចៈធម៌ នៃប្រវត្តិសាស្ត្រ»

លោកអភិបាលខេត្តស្វាយរៀងបានបញ្ជាក់ថា បើទោះបី ជាស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ មានភាពធូរស្រាល សូមប្រជាពលរដ្ឋយើងទាំងអស់បន្តការប្រុងប្រយ័ត្ន និងការពារខ្លួន អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ជាពិសេសវិធានការ ៣កុំ ៣ការពារ និងសូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំង ទាំងដូសមូលដ្ឋាន និងដូសជំរុញឲ្យបានគ្រប់ៗគ្នា៕