(បាភ្នំ-ព្រៃវែង)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារស្រុកបាភ្នំ និងសហការី បានចូលរួមការប្រារព្ធពិធី “ទិវាជាតិនៃការចងចាំ ២០ឧសភា” នៅស្រុកបាភ្នំ ខេត្តព្រៃវែង។

ពិធីនេះបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នៅក្នុងបរិវេណអនុវិទ្យាល័យធាយ ស្ថិតក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយមានវត្តមានរបស់ព្រះសង្ឃ ពុទ្ធបរិស័ទ្ធ មន្រ្តីក្រុមការងារថ្នាក់ជាតិ ខេត្ត ស្រុក មន្ត្រីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ សិស្សានុសិស្ស មកពីវិទ្យាល័យទាំង៣ក្នុងស្រុក និងអនុវិទ្យាល័យធាយសរុបមានអ្នកចូលរួមចំនួនប្រមាណជិត ២០០០នាក់។

ពិធីជយន្តោ និងបង្សុកូលតាមប្រពៃណីព្រះពុទ្ធសាសនាជាកិច្ចចាប់ផ្តើមកម្មវិធីត្រូវបានបា្ររព្ធឡើងយ៉ាងឱឡារិក ដើម្បីរំលឹកដល់គុណតម្លៃនៃការចងចាំ និងដើម្បីឧទ្ទិសកុសដល់វិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិតយ៉ាងខ្លោច ផ្សារដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍ប៉ុលពត។

បន្តមកទៀតអង្គពិធីបានរៀបចំកម្មវិធីសំណួរ-ចម្លើយផ្ទាល់មាត់ ដែលជាកម្មវិធីរំលឹកដាស់តឿនដល់យុវវ័យជំនាន់ក្រោយឱ្យមានការចងចាំជាប់ជានិច្ចពីប្រវត្តិសាស្រ្តកម្ពុជាក្នុងអតីតកាលដែលជាមហាវិនាសកម្មគ្រោះមហន្តរាយ ធ្ងន់ធ្ងរបង្កដោយសង្គ្រាម និងរបបប្រល័យពូជសាសន៍។ សំណួរទាំង៥ រួមមាន៖

* សំណួរទី១៖ តើអ្នកស្គាល់វត្តវិហារក្រាបឬទេ? ស្ថិតនៅទីណា? ហេតុអ្វីបានជាវត្តនេះមានឈ្មោះយ៉ាងដូច្នេះ?

* សំណួរទី២៖ តើសង្គ្រាមស៊ីវិលនៅកម្ពុជាចាប់ផ្តើមពីឆ្នាំណា? បញ្ចប់នៅឆ្នាំណា? បញ្ចប់ដោយរបៀបណា?

* សំណួរទី៣៖ ចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ របបប្រល័យពូជសាសន៍របស់បនប៉ុលពតបានបង្កវិនាសកម្ម និងមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់ប្រទេសជាតិ និងប្រជាជនកម្ពុជា។ តើអ្នកបានឮ និងយល់ដឹងយ៉ាងដូចម្តេចខ្លះ?

* សំណួរទី៤៖ តើការប្រារព្ធទិវាចងចាំ២០ឧសភា ជារៀងរាល់ឆ្នាំដើម្បីអ្វី? តើអ្វីដែលត្រូវចងចាំ? ចងចាំដើម្បីអ្វី?

* សំណួរទី៥៖ ឆ្លងតាមចម្លើយនៃសំណួរទាំង៤ខាងលើ អាចជួយអោយប្អូនដកស្រង់បានអ្វីជាមេរៀនពិសោធន៍?

សំណួរទាំង៥នេះ ត្រូវបានសិស្សានុសិស្សជាច្រើននាក់ចូលរួមឆ្លើយបកស្រាយសំណួរយ៉ាងផុសផុល។

បន្ទាប់ពីគណៈកម្មការសំណួរ-ចម្លើយធ្វើការវិនិច្ឆ័យប្រកាសលទ្ធផលជូនសិស្សទទួលជ័យជំនះ និងការជូនរង្វាន់សិស្សជ័យលាភីចំនួន១៥នាក់រួចមក លោករដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំ បានឡើងថ្លែងមតិ សំណេះសំណាលជាមួយអង្គពិធីទាំងមូល ដោយថ្លែងកោតសរសើរវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានរួមគ្នារៀបចំប្រារព្ធទិវាជាតិនៃការចងចាំ ២០ឧសភាយ៉ាងអាធិកអាធម ប្រកប ដោយអត្ថន័យដ៏ខ្ពង់ខ្ពស់នៅពេលនេះ ដែលជាការសរបញ្ជាក់ពីគុណតម្លៃនៃការចងចាំអ្វីៗដែលបានកន្លងផុតទៅទោះជាយូរយ៉ាងណាក្តី តែបានផ្ដល់នូវមេរៀនពិសោធន៍សម្រាប់យើងទាំងអស់គ្នាជារៀងរហូត។

លោក រដ្ឋ មន្ត្រី បានគូសបញ្ជាក់យ៉ាងច្បាស់ថា “មនុស្សគ្រប់ជំនាន់ត្រូវចងចាំអតីតកាល ដើម្បីកសាងអនាគតរុងរឿងសម្រាប់កម្ពុជា”

ចុងបញ្ចប់នៃពិធី លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារស្រុកបាភ្នំ បានធ្វើការអំពាវនាវរួមសូមប្រជាពលរដ្ឋទាំងអស់ចូលរួមគាំទ្រកាន់តែខ្លាំងក្លាបន្តទៅទៀត ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខក្នុងបេសកកម្មជាតិជាប្រវត្តិសាស្ត្រដើម្បីសុខសន្តិភាព វឌ្ឍនភាព វិបុលភាពរបស់មាតុភូមិ និងប្រជាជនយើងតរៀងទៅ អនាគត៕