(ស្វាយរៀង)៖ នៅវត្តកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុករមាសហែក បានអញ្ជើញគោរពវិញ្ញាណក្ខន្ធប្រជាជន ដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត។ ក្នុងនោះក៏មានការចូលរួមពី សមាជិក សមាជិកា ប្រជាពលរដ្ឋជាច្រើននាក់។

រយៈពេលជាច្រើនឆ្នាំកន្លងផុតទៅ របបវាលពិឃាតហាក់នៅដិតដាមថ្មីៗ ហើយដក់ក្នុងក្រអៅបេះដូងពលរដ្ឋខ្មែរគ្រប់រូប ដែលបានឆ្លងកាត់សម័យកាលនោះ ដោយមិនអាចបំភ្លេចបាននូវភាពខ្មៅងងឹត រន្ធត់ ខ្លោចផ្សា និងឈឺចាប់។

សូមជម្រាបថា ថ្ងៃទី២០ ខែឧសភាពេលមុន គឺជាទិវាចងកំហឹង ប៉ុន្តែថ្ងៃទី២០ ខែឧសភាពេលនេះ គឺការរំលឹកគុណូបការៈ និងពិធីបង្សុកូល ឧទ្ទិសមហាកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធ នៃបុព្វបុរសអ្នកស្នេហាជាតិ ព្រះសង្ឃ បញ្ញវ័ន្ត យុទ្ធជន និងប្រជាពលរដ្ឋស្លូតត្រង់ដែលបានបាត់បង់ជីវិតដោយគ្មានកំហុស ដោយអយុត្តិធម័ ក្នុងរបបខ្មែរក្រហម៕