(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបង្ហាញអំពីសក្តានុពល លើដំណាំកសិឧស្សាហកម្ម ក្នុងស្រុកស្ទឹងត្រង់។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រាលកៅស៊ូប្រភេទ DBST ចំនួន ៥ខ្សែ ប្រវែង ២៧,៩៧ គីឡូម៉ែត នៅស្រុកស្ទឹងត្រង់ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ហ៊ុន មាំណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

លោក អ៊ុន ចាន់ដា បានថ្លែងថា ស្រុកស្ទឹងត្រង់ មានសក្តានុពលលើដំណាំកសិឧស្សាហកម្ម ក្នុងនោះមានក្រុមហ៊ុន ឡុង ស្រេង បានដាំដុះចេកអំបូលលឿងលើផ្ទៃដីកសិកម្មចំនួន ២.៥០០ ហិចតា ដំណាំកៅស៊ូ ៣.២០០ ហិចតា និងដំណាំហូបផ្លែ (ធុរេន ក្រូចថ្លុង តាង៉ែន) ២៥០ ហិចតា ហើយក្រុមហ៊ុនបានស្រូបយកកម្លាំងពលកម្មប្រមាណ ៦.៥០០នាក់ និងបាននាំចេញចេកអំបូងលឿងដែលដាំដុះបាននៅលើទឹកដីស្រុកស្ទឹងត្រង់យើង ចូលក្នុងទីផ្សារអន្តរជាតិ ថែមទៀតផង។

ទន្ទឹមនឹងនេះ ការកសាង និងអភិវឌ្ឍន៍វិស័យគមនាគមន៍តភ្ជាប់ពីតំបន់មួយទៅតំបន់មួយដើម្បីបម្រើឱ្យការធ្វើដំណើរ ការផ្លាស់ប្ដូរពាណិជ្ជកម្ម និងដឹកសិផលទៅកាន់ទីផ្សារ។ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ បានបម្រើដល់វិស័យ កសិកម្មនៅក្នុងខេត្តកំពង់ចាម ដែលជាវិស័យចំបង និងអាទិភាពមួយក្នុងខេត្ត និងជាប្រភពចំណូលយ៉ាងសំខាន់សម្រាប់ប្រជាជនក្នុងខេត្ត ក៏កំពុងមានការប្រែប្រួលថ្មី តាមរយៈការយល់ដឹងការប្រែប្រួលទម្លាប់អន់ថយ ការផលិតសម្រាប់តែផ្គត់ផ្គង់គ្រួសារ ទៅជាការផលិតសម្រាប់បម្រើឱ្យការនាំចេញ រីឯផលិតកម្ម កសិកម្មភាគច្រើនប្រើប្រាស់គ្រឿងចក្រកសិកម្ម។

បច្ចុប្បន្នការវិនិយោគ លើវិស័យកសិកម្ម កំពុងមានសកម្មភាពយ៉ាងសកម្ម ពីសំណាក់វិស័យឯកជន ជាពិសេសដំណាំស្រូវ កៅស៊ូ ចេកជាដើម។ ចំពោះបណ្តាញអគ្គិសនី ក៏បានតភ្ជាប់ និងផ្គត់ផ្គង់ជូនប្រជាពលរដ្ឋប្រើប្រាស់ គ្រប់គ្រាន់ផងដែរ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានយកឱកាសនោះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតប្រកបដោយក្តីកត្តញូចំពោះលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ ជួយទំនប់បម្រុង ឧបត្ថម្ភគាំទ្រដល់សកម្មភាពរបស់រដ្ឋបាលខេត្តកំពង់ចាម និងបាននាំមកនូវសមិទ្ធផលនានាជាច្រើន ជូនដល់ប្រជាជនខេត្តកំពង់ចាម៕