(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ដោយទទួលបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន អគ្គលេខាធិការនៃសមាគមអតីតយុទ្ធជនកម្ពុជា ឧត្តមសេនីយ៍ឯក ឈៀ ស៊ីដារ៉ា អគ្គលេខាធិការងនៃសមាគមអតីតយុទ្ធជនកម្ពុជា តំណាងឲ្យលោកទេសរដ្ឋមន្ត្រី គន់ គីម ដឹកនាំប្រតិភូចូលរួមទិវាខួបលើកទី១០០ឆ្នាំនៃការបង្កើតសមាគមអតីតយុទ្ធជនកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី ដែលនឹងប្រារព្វនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។

ក្នុងទិវាខួបលើកទី១០០ឆ្នាំនេះ សមាគមអតីតយុទ្ធជនកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី នឹងផ្តោតលើការរំលឹកដល់សកម្មភាពនៃការលះបង់របស់អតីតយុទ្ធជន និងពិធីដង្ហែរក្បួនព្យុះហយាត្រាដោយមានការចូលរួមពីនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តីក្រសួងការពារប្រទេសម៉ាឡេស៊ី និងបណ្តាប្រទេសជាសមាជិកនៃសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន(VECONAC)។

ក្នុងឱកាសអញ្ជើញចូលរួមក្នុងទិវានេះ លោក ឈៀ ស៊ីដារ៉ា ប្រធានប្រតិភូ នឹងចូលជួបសំណេះសំណាលសម្តែងការគួរសម និងនាំយកសារជូនពររបស់អនុប្រធា អគ្គលេខាធិការនៃសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់ប្រធានសមាគមអតីតយុទ្ធជនកងកម្លាំងប្រដាប់អាវុធម៉ាឡស៊ីផងដែរ៕