(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យអគារ និងសមិទ្ធិផលនានានៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំរីករាយ) ស្ថិតក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

កាលពីចុងឆ្នាំ២០២១ រដ្ឋាភិបាល និងប្រជាជនចិន បានផ្ដល់ជំនួយឥតសំណងដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការពារជាតិ ដើម្បីសាងសង់អគារ និងទីលានបាញ់គ្រាប់ពិត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំរីករាយ។ អគារ និងទីលានបាញ់គ្រាប់ពិត ត្រូវបានបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។

ក្នុងពិធីនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា ទីតាំងនេះការសាងសង់ត្រូវបានចែកជា ៥ជំហានដូចតទៅ៖

* ជំហានទី១៖ ការរៀបចំប្រព័ន្ធផ្លូវតភ្ជាប់ពីផ្លូវលេខ៤៤ មកមជ្ឈមណ្ឌល និងផ្លូវក្នុងមជ្ឈមណ្ឌល ព្រមទាំងរៀបចំប្រព័ន្ធលូរំដោះទឹកគ្រប់ប្រភេទ ក្នុងនោះផ្លូវកៅស៊ូមានប្រវែង ៣៣,១៤៥គីឡូម៉ែត្រ ផ្លូវក្រាលក្រួសក្រហមប្រវែង ៥៣,៩០០គីឡូម៉ែត្រ។ ជីកនិងធ្វើទំនប់បង្អៀរ ព្រមទាំងស្ថាបនាអាងចម្រះទឹកស្អាត តបណ្តាញអគ្គិសនី សាងសង់អគារពហុសិក្សា, អគារស្នាក់នៅ, ផ្ទះបាយ, បន្ទប់ទឹក, បង្គន់អនាម័យ, អគារវេទិកា, ទីលានហ្វឹកហាត់ និងទីលានកីឡា។

* ជំហានទី២៖ ចាប់ពីឆ្នាំ២០១៨ ដំណើរការសាងសង់អគារស្នាក់រឹងមាំ អគារទីចាត់ការ ផ្ទះភ្ញៀវ ផ្ទះបុគ្គលិក គិលានដ្ឋាន ប្រព័ន្ធឃ្លាំង រោងដាក់រថយន្ត រថពាសដែក ព្រមទាំងជីកធ្វើទំនប់ទឹក ស្ថាបនាអាងចម្រះទឹកស្អាតទី២។

* ជំហានទី៣៖ គឺការជីក និងសម្រួលដីទំហំ ១០៥ហិកតា សម្រាប់សាងសង់ទីលានបាញ់ និងកសាងអគារហ្វឹកហាត់តាមប្រព័ន្ធបច្ចេកទេស SIMULATION នាពេលនេះ។ កិច្ចការដែលយើងប្រារព្ធនេះ គឺជាលទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងវិស័យការពារជាតិកម្ពុជា ជាមួយសាធារណរដ្ឋប្រជាមានិតចិន។ ការដ្ឋាននៃសំណង់នេះនឹងរួមចំណែកសំខាន់បន្ថែមទៀត ដល់ការកសាងសមត្ថភាពការពារជាតិ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សម្រាប់កម្ពុជាផ្ទាល់ផង ហើយក៏ជាការត្រៀមរៀបចំទទួលធ្វើម្ចាស់ផ្ទះ សម្រាប់ការប្រកួតកីឡាបាញ់កាំភ្លើងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ និងព្រឹត្តិការណ៍ធ្វើម្ចាស់ផ្ទះរៀបចំបាញ់កាំភ្លើងកងទ័ពជើងគោកអាស៊ាន ដែលជាកាតព្វកិច្ចសមាជិកអាស៊ាននីមួយៗនោះថែមទៀត។

* ជំហានទី៤៖ នឹងបន្តរៀបចំសាងសង់មណ្ឌលពិព័រណ៍ពហុបច្ចេកទេស។

* ជំហានទី៥៖ សាងសង់ទីលានសម្រាប់បម្រើការលំហាត់ថ្នាក់យុទ្ធវិធី ថ្នាក់វរសេនាតូច អនុសេនាធំ៕