(ភ្នំពេញ)៖ លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ នៅល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ បានយកសៀវភៅស្នាក់នៅ (ក២) ចែកជូនដល់ប្រជាពលរដ្ឋ ចូលដល់ក្នុងផ្ទះផ្ទាល់ ចំនួន២៥ប័ណ្ណ រួមមាន៖ ភូមិអូរបែកក្អម ភូមិសេបេសេ ភូមិទឹកថ្លា និងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ដោយមានការណែនាំពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ លោក ម៉ក់ ហុង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទៅធ្វើអត្តសញ្ញាបណ្ណ ឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានសិទ្ធិបោះឆ្នោតស្របច្បាប់ ក្នុងពេលខាងមុខ និងដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមរំលឹកថា ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានជំរុញឱ្យមន្រ្តីជំនាញនានា ពន្លឿនការធ្វើអត្តសញ្ញាបណ្ណជូនប្រជាពលរដ្ឋ ហើយឱ្យប្រជាពលរដ្ឋ រាយការណ៍បើសិនជាមានមន្រ្តីនៅមូលដ្ឋានមានភាពអសកម្ម នៅក្នុងដំណើរការធ្វើអត្តសញ្ញាណប័ណ្ណនេះ៕