(ភ្នំពេញ)៖ លោក ជួង ជូងី មេធាវីការពារក្តីឲ្យ លោក អ៊ុំ សំអាន ដែលជាមន្រ្តីគណបក្សសង្រ្គោះជាតិ បានប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចថា នៅព្រឹកថ្ងៃស្អែកនេះ សាលាឧទ្ធរណ៍នឹងបើកសវនាការ លើសំណើសុំ នៅក្រៅឃុំរបស់ លោក អ៊ុំ សំអាន ដែលត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្ន កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ ។

លោក ជួង ជូងី មេធាវីការពារក្តីឲ្យ លោក អ៊ុំ សំអាន បានបញ្ជាក់យ៉ាងដូច្នេះថា «នៅវេលាម៉ោង៨៖០០ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ស្អែកនេះ សាលាឧទ្ធរណ៍នឹងបើកសវនាកាលើសំណើសុំ នៅក្រៅឃុំរបស់ លោក អ៊ុំ សំអាន តំណាងរាស្ត្រមណ្ឌលសៀមរាប របស់កណបក្សសង្រ្គោះជាតិ»

យ៉ាងណាក៏ដោយ លោក ជួង ជូងី បានបន្តទៀតថា ចំពោះការស្នើសុំ នៅក្រៅឃុំរបស់លោក អ៊ុំ សំអាន នាពេលនេះ គឺលោក មិនអាចសន្និដ្ឋានបាននៅឡើយទេ។ លទ្ធផល គឺមានតែត្រូវរង់ចាំតាមដាន នៅថ្ងៃស្អែកក្រោយពី មានការសម្រេចពីសាលាឧទ្ធរណ៍។

គួរបញ្ជាក់ថា លោក អ៊ុំ សំអាន សមាជិករបស់គណបក្សសង្រ្គោះជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ ដោយចោទប្រកាន់ក្រោមបទចោទញុះញង់ នាំឲ្យមានការរើសអើង និងប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ នៃក្រមព្រហ្មទណ្ឌ។ បន្ទាប់មករដ្ឋសភាបានបោះឆ្នោត គាំទ្រឱ្យតុលាការ និងសមត្ថកិច្ចអនុវត្តនីតិវិធីបន្ត ចំពោះតំណាងរាស្រ្តគណបក្សប្រឆាំងរូបនេះ។ លោកត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោកត្រឡប់ពីអាមេរិក មកដល់ប្រទេសកម្ពុជា។ សមត្ថកិច្ចបានបញ្ជាក់ថា លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួនដោយសារតែប្រព្រឹត្តិបទល្មើសជាក់ស្តែង៕