(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធាណរការ និង ដឹកជញ្ជូន នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ បានចុះពិនិត្យស្ថានភាពផ្លូវជាតិចំនួនពីរខ្សែតភ្ជាប់ពីខេត្តព្រៃវែង កំពងចាម និង ត្បូងឃ្មុំ។

ផ្លូវ ដែលលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ចុះពិនិត្យនៅថ្ងៃនេះ រួមមាន៖ ផ្លូវជាតិលេខ ៧១C ភ្ជាប់ពីពីស្រុកចំការលើ ដល់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ ទៅដល់ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ប្រវែងប្រមាណ ១០០គីឡូម៉ែត្រ និងមួយខ្សែទៀត គឺផ្លូវជាតិលេខ១១ តភ្ជាប់ពីស្ពានអ្នកលឿងខេត្តព្រៃវែង ទៅដល់ផ្សារថ្នល់ទទឹង ស្ថិតក្នុងឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ប្រវែងជាង ៩០គីឡូម៉ែត្រ។

លោកទេសរដ្ឋមន្រ្តី បានប្រាប់ Fresh News ការចុះមើលផ្លូវជាតិទាំងពីរខ្សែនេះ ដើម្បីពិនិត្យឡើងវិញ លើការរៀបចំបែបបទនានា និង ដើម្បីកំណត់រាល់បញ្ហាទាំងអស់ ដែលពាក់ព័ន្ធផ្លូវទាំងពីរខ្សែ ក្នុងគោលបំណងស្វែងយល់ពីព័ត៌មានគ្រប់ទិសទី ដើម្បីចរចាជា មួយក្រុមហ៊ុនសំណង់ទាំងឡាយ។

លោកទេសរដ្ឋមន្រ្តី បានបន្តថា ផ្លូវទាំងពីរខ្សែ គ្រោងនឹងសាងសង់នៅឆ្នាំ២០១៦នេះ។

យោងតាមមន្រ្តីក្រសួងសាធារណការបានឲ្យដឹងថា ការសាងសង់ផ្លូវទាំងពីរខ្សែនេះ ទទួលបានប្រាក់កម្ចីពីខាងរដ្ឋាភិបាលចិន។ មន្រ្តីដដែលនេះ បន្តថា ផ្លូវទាំងពីរខ្សែនឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាន់តែងាយស្រួល និង ចំណាយពេល កាន់តិច។ ផ្លូវនេះ ក៏នឹងចូលរួមចំណែកសម្រួលការដឹកជញ្ជូន និងផ្តល់ប្រយោជន៍សម្រាប់សេដ្ឋកិច្ចជាតិ កាន់តែប្រសើរថែមទៀត៕