(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែឧសភានេះ បានបញ្ជាឲ្យក្រុមការងារ សវនកម្មរបស់ក្រសួងមហាផ្ទៃ ត្រៀមខ្លួនឲ្យរួចជាស្រេច ដើម្បីចុះពិនិត្យភាពអសកម្ម នៃការបើកប្រាក់រង្វាន់ ជូននគរបាលចរាចរណ៍ ដែលបានពីការផាកពិនិន័យចរាចរណ៍ នៅតាមបណ្តាលខេត្តមួយចំនួន ដោយមិនបានជូនដំណឹងជាមុននោះឡើយ ហើយបើពិនិត្យឃើញថា ធ្វើទៅមិនបានត្រឹមត្រូវនឹងត្រូវពិន័យ និងដកស័ក្តិផងដែរ។

ការថ្លែងរបស់សម្តេចក្រឡាហោម យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាស ដែលសម្តេចអញ្ជើញជាអធិបតីភាព ក្នុងអង្គមិទ្ទិញខួបអនុស្សាវរីយ៍លើកទី៧១ នៃថ្ងៃកំណើតនគរបាលជាតិកម្ពុជា នាទីស្តីការក្រសួងមហាផ្ទៃ បន្ទាប់ពីសម្តេចទទួលបានដំណឹងថា មានស្នងការខេត្តមួយចំនួន មិនបានអនុវត្តន៍តាមការណែនាំ របស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធការបើកប្រាក់រង្វាន់ជូននគរបាលចរាចរណ៍។ ការណែនាំរបស់ក្រសួងមហាផ្ទៃ ប្រាក់រង្វាន់ត្រូវបានតាមប្រព័ន្ធធនាគារ។

សម្តេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំបញ្ជាឲ្យសវនកម្មទៅត្រួតពិនិត្យនៅកន្លែងមួយចំនួន ព្រោះវាងាយណាស់ អស់លោកស្នងការរាយការណ៍មកថា បើករួចរាល់អស់ហើយ ប៉ុន្តែការបើកនោះខ្ញុំមិនបានណែនាំអីចឹងទេ។ ខ្ញុំអត់បានណែនាំឲ្យបើករបៀបហ្នឹងទេ។ ខ្ញុំបានណែនាំថាឲ្យចូលក្នុងកុងធនាគាររួចហើយ ឲ្យម្នាក់ៗមានលេខកុងធនាគារ រួចទោះបើកដោយខ្លួនឯង ទៅធ្វើអត់កើត។ សវនកម្មទៅកន្លែងណាខ្ញុំអត់ប្រាប់ទេ ខ្ញុំចុចឲ្យធ្វើប៉ុន្មានខេត្ត ឲ្យខ្ញុំ សវនកម្មត្រៀមខ្លួនចុះ ហើយបើរកទៅឃើញត្រឹមត្រូវ ខ្ញុំឲ្យរង្វាន់ ត្រូវឡើងស័ក្តិ ឡើងស័ក្តិឲ្យ ហើយកន្លែងណាមធ្វើមិនត្រូវ មិនត្រឹមតែមិនបានរង្វាន់ និងឡើងសិក្ត័ទេ អាចនឹងត្រូវពិន័យ និងថយសិក្ត័ទៀត»