(ម៉ានីល)៖ ប្រធានាធិបតីដែលទើបជាប់ឆ្នោតថ្មីរបស់ហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូធើត (Rodrigo Duterte) បាននិយាយថា លោកនឹងរៀបចំ ឲ្យមានការអនុវត្តច្បាប់កាត់ទោសប្រហារជីវិតឡើងវិញ ក្នុងពេលឆាប់ៗខាងមុខនេះ ហើយក៏នឹងអនុញ្ញាតឲ្យកងកម្លាំងការពារសន្តិសុខមានសិទ្ធិ បាញ់សម្លាប់ជនសង្ស័យដែលរឹងទទឹងចំពោះការអនុវត្តច្បាប់ផងដែរ។ នេះបើតាមការចេញផ្សាយ មុននេះបន្តិចដោយសារព័ត៌មាន BBC នៅព្រឹក ថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០១៦។

ទោះបីជាការលើកឡើងខាងលើនេះ ហាក់បានបង្ហាញពីគោលដៅយ៉ាងមុតមាំក្តី ក៏ក្រុមអ្នកវិភាគនយោបាយមួយចំនួននៅប្រទេស ហ្វីលីពីន បានលើកឡើងថា ពួកគេមិនទាន់ច្បាស់ថា លោកប្រធានាធិបតីថ្មី នឹងអាចសម្រេចបានតាមការអះអាង ដែរឬក៏អត់នោះទេ ប៉ុន្តែវាអាចនឹងជាវិធីមួយដ៏ប្រសើរផងដែរ ដើម្បីកាត់បន្ថយឧក្រិដ្ឋកម្មនានា ដែលបាននិងកំពុងកើនឡើងយ៉ាងខ្លាំងក្លា នៅក្នុងប្រទេសដីកោះមួយនេះ។

គួរបញ្ជាក់ថា ក្រោយការឈ្នះឆ្នោតកាលពីដើមខែឧសភានេះ ប្រធានាធិបតីហ្វីលីពីនថ្មីលោក រ៉ូឌ្រីហ្គោ នឹងចូលរួមពិធីស្បថឡើងកាន់តំណែងជាផ្លូវការ នៅថ្ងៃទី៣០ ខែមិថុនាឆ្នាំ ២០១៦ ខាងមុខបន្តពីប្រធានាធិបតីផុតអណត្តិគឺលោក ប៊ែណីកណូ អាគីណូ ទីបី។ សម្រាប់មួយអណត្តិនៃ ប្រធានាធិបតីហ្វីលីពីន គឺមានរយៈពេលរហូតដល់ទៅ ០៦ឆ្នាំឯណោះ៕