(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរំលឹកទៅដល់ម្ចាស់រថយន្តចង្កូតស្តាំ ឲ្យទៅដាក់ពាក្យសុំចុះបញ្ជីផ្តល់បណ្ណសម្គាល់ និងស្លាកលេខរថយន្តចង្កូតស្តាំ ឲ្យបានចប់សព្វគ្រប់មុនថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦នេះ។

នៅក្នុងសេចក្តីជូនដំណឹងនាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ ក្រសួងសាធាណការ បានបញ្ជាក់ថា ការដាក់ពាក្យសុំចុះបញ្ជីផ្តល់បណ្ណសម្គាល់ និងស្លាកលេខរថយន្តចង្កូតស្តាំនេះ ធ្វើនៅតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា កាលពីពេលកន្លងទៅ បានអនុគ្រោះដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងប្រើប្រាស់រថយន្តចង្កូតស្តាំទាំងអស់ ឲ្យចូលទៅធ្វើបណ្ណសម្គាល់រថយន្ត ធ្វើស្លាកលេខ និងបង់ពន្ធរថយន្ត តែមិនតម្រូវឲ្យពួកគេធ្វើការកែចង្កូតនោះឡើយ។

នៅក្នុងសេចក្តីជូនដំណឹងដដែលនេះ ក្រសួងសាធាណការ ក៏បានរំលឹកដល់ម្ចាស់យានយន្ត ដែលបានទិញតគ្នាច្រើនលើករកម្ចាស់ដើមមិនឃើញ ហើយមានបំណងចង់ធ្វើជាម្ចាស់កម្មសិទ្ធិយានយន្ត ត្រូវដាក់ពាក្យសុំផ្ទេរកម្មសិទ្ធនៅអគ្គនាយកដ្ឋានដឹកជញ្ជូន ឬមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ឲ្យបានចប់សព្វគ្រប់មុនថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦៕