(ភ្នំពេញ​)៖ លោក​ សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង ​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​បាន​កោះហៅ​លោក​ តុ​ វ៉ាន់ចាន់​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​កណ្ដាល​ ឲ្យ​ចូល​បំភ្លឺ​នៅ​វេលាម៉ោង៩ព្រឹក​ថ្ងៃ​ទី​១៦​ ខែ​ឧសភា​ រីឯ​ លោក​ ពិន​ រតនា​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​បាត់ដំបង​ ឲ្យ​ចូល​បំភ្លឺ​នៅ​វេលាម៉ោង៤៖៣០នាទីរសៀល​ ថ្ងៃ​ទី​១៦​ ខែ​ឧសភា​ ក្នុង​នាម​ជា​ជនសង្ស័យ​ ពាក់ព័ន្ធ​ករណី​អំពើ​ពេស្យាចារ​ ដែល​មាន​កញ្ញា​ ខុម​ ចាន់​តារ៉ាទី​ ហៅ​ស្រី​មុំ​ ជា​ជនរងគ្រោះ​។

តាមការជាក់ស្តែងនៅវេលាម៉ោង ៩ព្រឹកថ្ងៃទី១៦ ខែឧសភា នេះ លោក តុ វ៉ាន់ចាន់ មិនបានមកបង្ហាញខ្លួន តាមការហៅរបស់ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញលោក សៀង សុខ ពាក់ព័ន្ធអំពើពេស្យាចារ លើករណីកញ្ញា​ ខុម​ ចាន់​តារ៉ាទី​ ហៅ​ស្រី​មុំ​ ជា​ជនរងគ្រោះ​។

ចំណែកលោក ពិន រតនា មិនទាន់មានព័ត៌មានបញ្ជាក់ថា លោកចូល ឬមិនចូលមកនោះទេ។ ប៉ុន្តែកាល​ពី​ពេល​កន្លង​ទៅ​ គណបក្ស​សង្គ្រោះ​ជាតិ​ សម្រេច​ថា​ មិន​អនុញ្ញាត​ឲ្យ​តំណាង​រាស្ត្រ​ទាំង​ពីរ​រូប​ ចូល​បំភ្លឺ​នោះទេ​ ដោយ​ចាត់​ទុក​ថា ​មិន​ត្រឹម​ត្រូវ​ ព្រោះ​ពួកគេ​មាន​អភ័យ​ឯកសិទ្ធិ​។

សូមជំរាបថា ការចេញដីកាកោះហៅតំណាងរាស្រ្តទាំងពីរនេះ ធ្វើឡើងបន្ទាប់ពីកាលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦កន្លងទៅ កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ ផ្តល់ចម្លើយសារភាពជូនព្រះរាជ្ញារង សៀង សុខ ដោយបានលើកឡើងថា នៅក្នុងពេលមានទំនាក់ទំនងជាមួយលោក កឹម សុខា នោះ នាងបានទៅលេង ទីក្រុងបាងកក ជាមួយលោក កឹម សុខា ចំនួន២ដង ដោយលើកទី១ នៅថ្ងៃទី៣០​ ខែវិច្ឆិកា ឆ្នាំ២០១៥, លោក កឹម សុខា លោមលួងឲ្យលុយ ចំនួន៣០០០ដុល្លារ និងសន្យារកទិញផ្ទះមួយនៅកន្លែងស្ងាត់ងាយស្រួលចេញចូល។ ពេលទៅដល់ទីក្រុងបាងកកនោះ លោក តុប វ៉ាន់ចាន់ ដែលជាអ្នកជូននាងទៅតាមបញ្ជារបស់លោក កឹម សុខា បាននាំនាងទៅស្នាក់នៅសណ្ឋាគារ សិនធឺភាញ់ (មិនចាំលេខបន្ទប់) ហើយត្រឡប់មកភ្នំពេញវិញ នៅថ្ងៃទី០២​ ខែធ្នូ ឆ្នាំ២០១៥។

ដោយឡែកពេលទៅទីក្រុងបាងកក ជាមួយលោក កឹម សុខា លើកទី២ គឺចាប់ពីថ្ងៃទី០១ ទី០២ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦។ កញ្ញា ស្រីមុំ បានបញ្ជាក់អះអាងថា នាងបានចេញទៅជាមួយឈ្មោះ ពិន​ រតនា ដោយមានការប្រាប់ពីលោក កឹម សុខា ឲ្យនាងទំនាក់ទំនងជាមួយគាត់ពេល ទៅដល់ប្រទេសថៃ។ នាងបានស្នាក់នៅសណ្ឋាគារ សិនធឺភាញ់ ជាមួយបន្ទប់លោក កឹម សុខា ដោយលោក កឹម សុខា បានរង់ចាំនាងនៅក្នុង បន្ទប់មុន៕