(ភ្នំពេញ)៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះ បានបំភ្លឺជាថ្មីម្តងទៀតចំនួន២ចំណុច ចំពោះសំណុំរឿង លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ ដែលតុលាការចោទប្រកាន់ពី «បទឃុបឃិតគ្នាជាមួយបរទេស» ឬ ហៅថា «បទសន្និដ្ឋិភាពជាមួយរដ្ឋបរទេស»។

ខាងក្រោមនេះជាការបំភ្លឺទាំងស្រុងរបស់ អ្នកនាំពាក្យក្រសួងយុត្តិធម៌៖

«កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ កន្លងទៅ, ខ្ញុំបានចែករំលែកតាមហ្វេសប៊ុករបស់ខ្ញុំនូវចំណេះដឹងផ្នែកច្បាប់ចំនួន ៣ចំណុច ពាក់ព័ន្ធករណីសំណុំរឿង លោក កឹម សុខា ដែលត្រូវបានតុលាការចោទប្រកាន់ពី «បទឃុបឃិតគ្នាជាមួយបរទេស» ឬ ហៅថា «បទសន្និដ្ឋិភាពជាមួយរដ្ឋបរទេស»

នាពេលថ្មីៗនេះ ខ្ញុំក៏បានពិនិត្យឃើញមានការបកស្រាយ អាចដោយភ័ន្តច្រឡំ ឬអាចដោយចេតនាបំភ័ន្ត នៅតាមបណ្តាញផ្សព្វផ្សាយព័ត៌មានមួយចំនួន ជាពិសេសពីសំណាក់មេធាវីរបស់ ឯកឧត្តម កឹម សុខា ទៅលើប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងពាក់ព័ន្ធនឹងករណីសំណុំរឿង ឯកឧត្តម កឹម សុខា នៅតុលាការ នាឱកាសដែលសម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និង កាណាដា កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២២ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កន្លងទៅ។

បន្ទាប់ពីបានស្តាប់ដោយយកចិត្តទុកដាក់អំពីខ្លឹមសារនៃប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងការបកស្រាយនានា ដែលមានការភ័ន្តច្រឡំ ឬ ដោយមានការបំភ័ន្ត, ថ្ងៃនេះ ក្នុងនាមជាអ្នកច្បាប់មួយរូប និង ជាអ្នកដែលបានតាមដានដំណើរការសំណុំរឿងនេះយ៉ាងយកចិត្តទុកដាក់ តាំងពីដំណាក់កាលចាប់ផ្តើម រហូតមកដល់ពេលនេះ, ខ្ញុំសូមធ្វើការបកស្រាយបំភ្លឺបន្ថែមទៅខ្លឹមសារនៃប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តីខាងលើ អំពីទិដ្ឋភាពច្បាប់ដ៏សំខាន់មួយចំនួន ដូចតទៅ ៖

ទី១៖ អ្វីដែល សម្តេចតេជោនាយករដ្ឋមន្រ្តី បានលើកឡើងនៅសហរដ្ឋអាមេរិក គឺគ្រាន់តែចង់បញ្ជាក់ឱ្យសាធារណជន បានដឹងច្បាស់ថា កន្លងមកនេះ ទាំងរាជរដ្ឋាភិបាលក្តី ទាំងតុលាការក្តី មិនមែនជាអ្នកដែលភ្ជាប់សហរដ្ឋអាមេរិក ឬចោទប្រកាន់សហរដ្ឋអាមេរិក ឬរដ្ឋបរទេសណាមួយ នៅក្នុងសំណុំរឿងដែលចោទប្រកាន់លើ ឯកឧត្កម កឹម សុខា នោះទេ ប៉ុន្តែ គឺ ឯកឧត្តម កឹម សុខា ផ្ទាល់ ដែលជាអ្នកនិយាយភ្ជាប់សហរដ្ឋអាមេរិក និងរដ្ឋបរទេស ចូលទៅក្នុងសំណុំរឿងនេះ។ ដូចនេះ បើរដ្ឋបរទេសណាមិនសុខចិត្តនឹងការឯកឧត្តម កឹម សុខា ភ្ជាប់ឈ្មោះប្រទេសរបស់ខ្លួនទៅក្នុងសំណុំរឿងនេះ គឺត្រូវធ្វើការតវ៉ាជាមួយ ឯកឧត្តម កឹម សុខា ផ្ទាល់ ឬសួរទៅកាន់ ឯកឧត្តម កឹម សុខា ដែលបាននិយាយនៅក្នុងវីដេឃ្លីប ដោយភ្ជាប់ឈ្មោះប្រទេសរបស់ខ្លួនទៅក្នុងផែនការឃុបឃិតគ្នារៀបចំធ្វើបដិវត្តពណ៌ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដោយយកគំរូតាមយូហ្គូស្លាវី-ស៊ែរប៊ី។

ចំពោះរដ្ឋាភិបាល គឺមិនមានបញ្ហាជាមួយរដ្ឋបរទេសណាមួយនោះទេ ឬចោទប្រកាន់ទៅលើរដ្ឋបរទេសណាមួយដែរ។ ផ្ទុយទៅវិញ នៅក្នុងសំណុំរឿងនេះ មេធាវីរាជរដ្ឋាភិបាលបានស្នើសុំឱ្យតុលាការប្រើអក្សរជាតំណាង នៅពេលដែលមានឯកសារណាពាក់ព័ន្ធដល់រដ្ឋបរទេស។ ករណីនេះក៏ធ្លាប់បានអនុវត្តនៅឯអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលយើងស្គាល់ថា សាលាកាត់ក្តីមេដឹកនាំខ្មែរក្រហម។ មេធាវីរាជរដ្ឋាភិបាលក្នុងសំណុំរឿង បានបញ្ជាក់ជាមួយអ្នកសារព័ត៌មានទាក់ទងនឹងករណីនេះថា ការស្នើសុំដូច្នេះ គឺក្នុងគោលបំណងដើម្បីកុំឱ្យប៉ះពាល់ដល់បណ្តារដ្ឋបរទេស ក៏ដូចជាទំនាក់ទំនងរវាងរដ្ឋបរទេស និងព្រះរាជាណាចក្រកម្ពុជា។

ប៉ុន្តែ ក្រុមមេធាវីរបស់ជនជាប់ចោទ និងជនជាប់ចោទទៅវិញទេ ដែលតែងតែបានស្នើឲ្យតុលាការកោះហៅទូតបរទេសចូលសវនាការ ហើយខាងមេធាវីរដ្ឋាភិបាល និងសាធារណជនបានដឹងច្បាស់ណាស់ថា ការធ្វើដូច្នេះ គឺជាល្បិចរបស់ភាគីជនជាប់ចោទ ដើម្បីរុញឱ្យរដ្ឋបរទេស ចូលក្នុងសំណុំរឿងជាមួយគាត់ ហើយប្រើប្រាស់បរទេសឱ្យជួយគាត់ឱ្យរួចចេញពីសំណុំរឿងព្រហ្មទណ្ឌនេះ ឬពីដំណើរការកាត់ក្តីរបស់តុលាការ តាមរយៈឱ្យបរទេសប្រើឥទ្ធិពលដាក់សម្ពាធលើកម្ពុជា។ ប៉ុន្តែ ដូចបានបញ្ជាក់ពីលើកមុន, ល្បិចកលនេះ នឹងមិនបានទទួលបានជោគជ័យទេ ដោយសារកត្តាសំខាន់ៗយ៉ាងតិចចំនួនពីរ ៖

* កម្ពុជាជារដ្ឋអធិបតេយ្យ និងមានច្បាប់របស់ខ្លួន ដែលត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ ដោយអំណាចតុលាការ ដែលជាអំណាចឯករាជ្យ ធានាការពារដោយរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ

* ជាទិដ្ឋភាពច្បាប់ និងយោងតាមអនុសញ្ញាទីក្រុងវីយ៉ែនស្តីពីទំនាក់ទំនងការទូតរវាងរដ្ឋ និងរដ្ឋ, ទូតបរទេសតែងមានអភ័យឯកសិទ្ធិ ហើយមិនចំណុះទៅនឹងអំណាចតុលាការនៃរដ្ឋម្ចាស់ផ្ទះទេ ហើយតុលាការនៃរដ្ឋម្ចាស់ផ្ទះ ក៏ពុំមានសិទ្ធិអំណាចអ្វីដើម្បីចាត់នីតិវិធីទៅលើទូតបរទេសនោះដែរ។ ប៉ុន្តែ ចំពោះករណីចុងក្រោយនេះ និងដូចអ្វីដែលបានបញ្ជាក់ជាទិដ្ឋភាពច្បាប់នាពេលកន្លងមក គឺ មិនប៉ះពាល់ដល់ដំណើរការនីតិវិធីរបស់តុលាការឡើយ ដរាបណាតុលាការមានមូលដ្ឋានភស្តុតាងរឹងមាំនៅក្នុងសំណុំរឿងនេះរួចហើយ។

ទី២៖ ជាទិដ្ឋភាពច្បាប់ និងដូចបានបញ្ជាក់នាពេលកន្លងមក ក្នុងសំណុំរឿងនេះ តុលាការបានចោទប្រកាន់តែទៅ ឯកឧត្តម កឹម សុខា និង អាចមានពលរដ្ឋខ្មែរដែលជាមេដឹកនាំចលនាបដិវត្តពណ៌មួយចំនួនទៀតប៉ុណ្ណោះ គឺ ពុំមានបានចោទប្រកាន់ទៅលើរដ្ឋបរទេសណាមួយនោះឡើយ ដូចករណីដំណើរការសំណុំរឿងកាត់ក្តីមេដឹកនាំខ្មែរក្រហម នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅថា សាលាកាត់ក្តីមេដឹកនាំខ្មែរក្រហម។ មូលដ្ឋាននៃភស្តុតាងដ៏សំខាន់ជាងគេក្នុងសំណុំរឿងនេះ គឺ ជា វីដេអូឃ្លីប ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈតាមបណ្តាញសង្គម ហើយដែលនៅក្នុងវីដេអូឃ្លីបនេះ, ឯកឧត្តម កឹម សុខា បាននិយាយរៀបរាប់ដោយខ្លួនឯង អំពីអំពើឃុបឃិតគ្នាជាមួយបរទេស ដោយរាប់តាំងពីការដែលបរទេសជ្រើសរើសគាត់, បណ្តុះបណ្តាលគាត់ និងរៀបចំផែនការជួយគាត់ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ដោយយកគំរូតាមបដិវត្តពណ៌នៅយូហ្គូស្លាវី-ស៊ែរប៊ី ជាដើម។ ក្រៅពីនេះ នៅមានភស្តុតាងផ្សេងទៀត ដែលមានលក្ខណៈស៊ីសង្វាក់គ្នាដែលបង្ហាញថា ពិតជាមានផែនការដូចអ្វីដែល ឯកឧត្តម កឹម សុខា បាននិយាយរៀបរាប់នៅក្នុងវីដេអូឃ្លីបប្រាកដមែន។

ប្រជាពលរដ្ឋខ្មែរ ដែលបានស្តាប់តែសំដីឯកឧត្តម កឹម សុខា ដែលគាត់និយាយដោយខ្លួនឯងក្នុងវីដេអូឃ្លីប ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ គឺអាចដឹងច្បាស់ ថាតើការឃុបឃិតគ្នាជាមួយបរទេសនេះ វាច្បាស់ និងរឹងមាំដូចម្តេច។ បើផ្អែកតាមការវិភាគផ្លូវច្បាប់ ជាពិសេស ទៅលើយុទ្ធសាស្រ្តការពារខ្លួននៅក្នុងសំណុំរឿងដែលមានមូលដ្ឋានភស្តុតាងចោទប្រកាន់រឹងមាំបែបនេះ ភាគីជនជាប់ចោទ ត្រូវខិតខំរកភស្តុតាងដែលបង្ហាញថា វីដេអូឃ្លីបដែលជាមូលដ្ឋាននៃភស្តុតាងនោះ ជាវីដេអូមិនពិត ឬ សំដីដែលបាននិយាយនៅក្នុងវីដេអូនោះ មិនមែនជាសំដីរបស់ឯកឧត្តម កឹម សុខា ឬ ជារឿងមិនពិតជាដើម ទើបអាចរកវិធីដោះបន្ទុកក្នុងរឿងនេះ។

ប៉ុន្តែ បើពិនិត្យតាមដានសំណុំរឿងនេះ តាំងពីដើមមកដល់ពេលនេះ គឺ មេធាវីរបស់ឯកឧត្តម កឹម សុខា បានប្រព្រឹត្តនូវកំហុសយុទ្ធសាស្រ្តផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរ គឺ នៅពេលដែលភាគីជនជាប់ចោទ បានសុំឱ្យដាក់ភស្តុតាងជាវីដេអូឃ្លីបដើម ដើម្បីផ្ទៀងផ្ទាត់នឹងវីដេអូជាភស្តុតាងនៅក្នុងសំណុំរឿង ហើយតុលាការបានធ្វើការផ្ទៀងផ្ទាត់ និងបានរកឃើញថា វីដេអូទាំងពីរនោះ គឺដូចគ្នា ឬថា ឯកឧត្តម កឹម សុខា ពិតជាបាននិយាយសំដីនៅក្នុងវីដេអូឃ្លីប ដែលខ្លឹមសារនៃសំដីនេះ ត្រូវបានតុលាការប្រើប្រាស់ជាមូលដ្ឋាននៃការចោទប្រកាន់នៅក្នុងសំណុំរឿងនេះ ដោយគួបផ្សំនឹងភស្តុតាងស៊ីសង្វាក់គ្នាជាច្រើនទៀត»៕