(កំពង់ធំ)៖ លោក ងួន រតនៈ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២នេះបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារស្នាក់ការរបស់គណបក្សដែលទើបសាងសង់ឡើងដោយក្រុមការងារគណៈកម្មាធិការគណបក្សឃុំ និងក្រុមការងារចុះជួយឃុំក្រយា ចំណាយថវិកាសាងសង់អស់ជាង ២ម៉ឺនដុល្លារ។

ថ្លែងនាឱកាសនោះលោក ងួន រតនៈ បានលើកឡើងអំពីស្ថានភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋជាពិសេសហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនា ក្រោមម្លប់សន្តិភាព ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលកើតចេញពីការបោះឆ្នោត ។

លោកបន្ថែមថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយដែលមានរចនាសម្ព័ន្ធរឹងមាំ ចាប់ពីថ្នាក់កណ្តាល រហូតដល់ថ្នាក់ខេត្ត ឃុំ សង្កាត់ ភូមិ ហើយមានវ័យចំណាស់ជាងគេ មានបទពិសោធន៍គ្រប់គ្រាន់ និងមានស្នាដៃធំៗជាច្រើន ជូនប្រជាជន និងប្រទេសជាតិបានកសាង នឹងកំពុងបន្តកសាងជាបន្តបន្ទាប់។

លោក ងួន រតនៈ បានថ្លែងអំណរគុណដល់ប្រធានក្រុមការងារចុះជួយឃុំ និងគណៈកម្មាធិការគណបក្សឃុំក្រយា ដែលបានខិតខំសាមគ្គីគ្នា ក្នុងការកសាងអគារស្នាក់ការគណបក្សថ្មី ដែលបានចំណាយពេលវេលាផ្ទាល់ខ្លួន ក្នុងការបំពេញការងារជូនគណបក្ស ជាពិសេសបានកសាងអគារថ្មីរបស់ស្នាក់ការគណបក្សនេះឡើង ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើការងាររបស់មន្ត្រីគណបក្ស។

លោក ងួន រតនៈ ក៏បានសង្កត់ធ្ងន់ថា នាពេលខាងមុខនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សកម្មជនគណបក្ស ក្នុងការផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្ស និងសមិទ្ធផលនានារបស់គណបក្ស ដើម្បីស្វែងរកសំឡេងអ្នកគាំទ្រគណបក្ស ជាពិសេសត្រូវអញ្ជើញសមាជិករបស់គណៈបក្ស ចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយសមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកពិតប្រាកដ ។

គួរបញ្ជាក់ថា ស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំក្រយា ស្រុកប្រាសាទបល័ង្គ ខេត្តកំពង់ធំ មានផ្ទៃដីទំហំ ១៧ម៉ែត្រ គុណ៣០ម៉ែត្រ អគារទំហំ ៩ ម៉ែត្រ គុណ១២ម៉ែត្រ មានបន្ទប់ទឹក១ ប្រក់ក្បឿង ក្រាលការ៉ូ សាងសង់ ចាប់ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ រហូតដល់បំណាច់ខែមករា ឆ្នាំ២០២២ ដោយប្រើប្រាស់ថវិកាអស់ជាង ២ម៉ឺនដុល្លារ៕