(សៀមរាប)៖ តំណាងគ្រួសារបក្សប្រជាជនឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគមខេត្តសៀមរាប ចំនួន ១,២២៨នាក់ មកពីភូមិទាំង៨ ក្នុងឃុំខ្នារពោធិ៍បានជួបជុំគ្នាស្វាគមន៍ លោកបណ្ឌិត សឹង សំណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំខ្នារពោធិ៍ លោក គង់ មុនី សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំខ្នារពោធិ អមដំណើរជាមួយក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំខ្នារពោធិ៍ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នៅស្នាក់ការគណបក្សឃុំខ្នារពោធិ៍។

ការជួបសំណេះសំណាលនេះ តំណាងគ្រួសារគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងនៅវេលាព្រឹកក្រោមអធិបតីភាពលោកបណ្ឌិត សឹង សំណាង និងពេលរសៀលដឹកនាំការសំណេះសំណាលដោយលោក គង់ មុនី។

តំណាងគ្រួសារបក្សបានត្រងត្រាប់ស្តាប់យ៉ាងយកចិត្តទុកដាក់ពីប្រសាសន៍របស់លោកបណ្ឌិត សឹង សំណាង បានលើកឡើងពីការរស់រានមានជិវិត និងការវិវឌ្ឍន៍របស់សង្គមជាតិកម្ពុជា តាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ អគ្គិសនី ជាពិសេសការដឹងសុខទុក្ខប្រជាពលរដ្ឋដោយមិនរើសអើងនិន្នាការ ក្នុងការចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដើម្បីរួចផុតពីការយាយីប្រកបដោយគ្រោះថ្នាក់ពីជម្ងឺកូវីដ-១៩។

ឥឡូវនេះកម្ពុជាគ្មានការឆ្លងជំងឺកូវីដ-១៩ ហើយក៏គ្មានការស្លាប់ដោយសារកូវីដ-១៩ទៀតទេ ហេតុផលខាងលើនេះសូមប្រជាពលរដ្ឋរួមសាមគ្គីគ្នារាប់ទាំងប្រជាពលរដ្ឋដែលទើបចូលជាសមាជិកថ្មី នៃគណបក្ស
ប្រជាជនចំនួនប្រមាណជា ៥០០នាក់ ក្នុងពេលថ្មីៗនេះ នាំគ្នាទៅបោះឆ្នោតគាំទ្រក្រុមប្រឹក្សាភូមិឃុំអាណត្តិថ្មី ឱ្យបានគ្រប់ៗគ្នា និងបន្តការពារសន្តិភាព និងកុំជឿការញុះញង់ពួកអមិត្តដែលតែងបំភ្លៃព័ត៌មានមិនពិតក្នុងសហគមន៍។

លោកបណ្ឌិត សឹង សំណាង បានសំដែងជំនឿជឿជាក់លើតំណាងគ្រួសារបក្សទាំងអស់យល់ច្បាស់ពីសុខសន្តិភាពដែលបានមកពីកិច្ចខិតខំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដែលនាំកម្ពុជាមានមុខមាត់លើឆាកអន្តរជាតិ។ ជាពិសេសសម្តេចតេជោ កំពុងបំពេញការងារជាប្រធានអាស៊ានដឹកនាំកិច្ចប្រជុំនៅអាមេរិកដើម្បីចូលរួមដោះស្រាយវិបត្តិអន្តរជាតិដែលកំពុងកើតមានក្នុងពេលបច្ចុប្បន្ន។

លោកបណ្ឌិត សឹង សំណាង បានចែកអំណោយជូនតំណាងគ្រួសារបក្សប្រជាជនឃុំខ្នារពោធិក្រោមបរិយាកាសសប្បាយរីករាយនិងគួរជាទីមោទនភាព៕