(ភ្នំពេញ)៖ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងការប្រកួតប្រជែងផ្សព្វផ្សាយ ពីវប្បធម៌សន្ដិសុខអាកាសចរប្រចាំឆ្នាំ២០២១។ នេះបើតាមលោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល។

កម្មវិធីប្រកួតប្រជែងផ្សព្វផ្សាយ ពីវប្បធម៌សន្ដិសុខអាកាសចររៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយអនុវត្តន៍វប្បធម៌ ប្រកបដោយប្រសិទ្ធិភាព ក្នុងទម្រង់កម្សាន្ដ និងទាក់ទាញ។ ការប្រកួតប្រជែងនេះរៀបចំឡើងដោយ អង្គការអាកាសចរស៊ីវិលអន្ដរជាតិ ក៏ដូចជាអង្គការសមាគមអាកាសយានដ្ឋានអន្ដរជាតិ ក្នុងនោះមានប្រទេសចំនួន១៦ បានរៀបចំការប្រកួតប្រជែងជាវីដេអូខ្លីៗ ស្ដីពីការផ្សព្វផ្សាយ និងជម្រុញវប្បធម៌សន្ដិសុខអាកាសចរស៊ីវិលនេះ។

លោក ស៊ីន ចាន់សិរីវុត្ថា បានឲ្យដឹងថា តាមរយៈវីដេអូប្រកួតប្រជែងផ្សព្វផ្សាយ ពីវប្បធម៌សន្ដិសុខអាកាសចរ ការបង្កើតវីដេអូខ្លីៗទាំងនះ បានលើកយកចំណុចសំខាន់ៗបង្ហាញពី របៀបរបប, ការគ្រប់គ្រង, អាកប្បកិរិយាផ្នែកត្រួតពិនិត្យ, ការតាមដាន និងត្រួតពិនិត្យគុណភាពសន្ដិសុខរបស់អាកាសយាន ដ្ឋាន។

លោកបានបញ្ជាក់ថា «ការប្រកួតប្រជែងនេះកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ២ សហរដ្ឋអាមេរិកទទួល បានចំណាត់ថ្នាក់លេខ១ និងស្លូវ៉ាគីជាប់លេខ៣។ ការប្រកួតប្រជែងនេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយ និងទាក់ទាញចំណាប់អារម្មណ៍លើពិភពលោក ក្នុងការជំរុញផ្សព្វផ្សាយវប្បធម៌អាកាសចរស៊ីវិល ពិសេសឧត្តមានុវត្តន៍ជាតិ និងអន្ដរជាតិ ដើម្បីធានាបាននូវសន្ដិសុខជូនអ្នកដំណើរ ទំនិញតាមផ្លូវអាកាស និងប្រតិបត្តិករពាក់ព័ន្ធដែលប្រកបអាជីវកម្ម/ផ្តល់សេវាកម្ម នៅអាកាសយាន្ដដ្ឋាន ដែលនេះជាមោទនភាពជាតិថ្មីមួយទៀតដែលយើងទទួលបាននៅក្នុងឆ្នាំ២០២២»៕