(ភ្នំពេញ)៖ លោក ហ៊ុន សុធី អធិការខណ្ឌទួលគោក បានថ្លែងប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចថា មានមនុស្សស្លៀកពាក់ «យុទ្ធនាការស្លៀកខ្មៅ» ៥នាក់ លើកបដានៅក្បែរចេនឡា ជិតផ្សារដើមគរ នៅក្នុងទឹកដីខណ្ឌទួលគោក ត្រូវបានហៅមកសាកសួរ ហើយនៅពេលនេះ(ម៉ោង៨៖៥០នាទី) ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ កំពុងសាកសួរនៅអធិការដ្ឋាន។

លោកអធិការបានបញ្ជាក់ថា មនុស្សទាំង៥នាក់នោះ មាន១នាក់សកម្មជនបឹងកក់, ៣នាក់បុរីកីឡា និងម្នាក់មកពីស្រុកថ្មគោល។

១៖ ឈ្មោះ ភោគ សុភីន ភេទ ស្រី សកម្មជនបុរីកីឡា

២៖ ឈ្មោះ ង៉ូវ ណាវី ភេទ ស្រី សកម្មជនបុរីកីឡា

៣៖ ឈ្មោះ យិន ស្រីន ភេទ ស្រី សកម្មជនបុរីកីឡា

៤៖ ឈ្មោះ ច្រាយ នីម ភេទ ស្រី សកម្មជនថ្មគោល

៥.ឈ្មោះ អ៉ីម ស្រីទូច ភេទ ស្រី សកម្មជនបឹងកក់។

សូមជំរាបថា នៅព្រឹកថ្ងៃនេះ គម្រោងធ្វើយុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» មិនមានអ្វីប្លែកនោះទេ តែប្រសិនបើមានធ្វើខុសច្បាប់ យើងនឹងចាត់វិធានការតាមផ្លូវច្បាប់ នេះបើតាមឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News។

កាលពីថ្ងៃចន្ទសប្តាហ៍មុន ក្រុមអង្គការសង្គមស៊ីវិល និងសកម្មជនដីធ្លី រាប់សិបនាក់ បានធ្វើយុទ្ធនាការស្លៀកខ្មៅ ដើម្បីទាមទារឱ្យមានការដោះលែង មន្រ្តីអង្គការអាដហុក៤នាក់ និងមន្រ្តី គ.ជ.ប ម្នាក់ ដែលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន ហើយត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារព្រៃស។ អំឡុងតវ៉ានេះ សមត្ថកិច្ចឃាត់មនុស្ស៨នាក់ ដើម្បីអប់រំណែនាំឱ្យធ្វើកិច្ចសន្យា រួចហើយក៏ដោះលែងពួកគេ ឱ្យមានសេរីភាពវិញ នៅយប់ថ្ងៃដដែលតែម្តង។

យុទ្ធនាការស្លៀកខ្មៅ ត្រូវបានហាមឃាត់ ដោយរាជរដ្ឋាភិបាលកម្ពុជា ដោយសារតែមានចរឹតដូចទៅនឹងចលនាដែល បង្កអសន្តិសុខដល់ប្រទេសជាតិ។ នៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានព្រមានចាត់វិធានការរាល់សកម្មភាព និងការធ្វើយុទ្ធនាការស្លៀកពាក់ខ្មៅនេះ ដើម្បីរក្សាសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងពង្រឹងនីតិរដ្ឋ របស់ជាតិទាំងមូល៕