(វ៉ាស៊ីនតោន, អាមេរិក)៖ ឆ្លៀតក្នុងឱកាសចូលរួមអមដំណើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោក Ron Estes និង លោកស្រី Carol Miller សមាជិកនៃអនុគណៈកម្មាធិការ Ways and Means Trade Subcommittee នៃរដ្ឋសភាសហរដ្ឋអាមេរិក ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសកម្ពុជា ជាមួយសហរដ្ឋអាមេរិក ព្រមទាំងចែករំលែកអំពីវឌ្ឍនភាព-បរិយាកាសធុរកិច្ចនៅកម្ពុជា។

ក្នុងកិច្ចប្រជុំធ្វើឡើងកាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ក៏មានការអញ្ជើញចូលរួមពីលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងប្រតិភូមកពីក្រសួងពាណិជ្ជកម្ម និងក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។

ជាកិច្ចចាប់ផ្តើមលោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះសមាជិកអនុគណៈកម្មាធិការទាំងពីរ និងបានជម្រាបអំពីសមិទ្ធផលសំខាន់ៗដែលរាជរដ្ឋាភិបាលសម្រេចបាន ជាពិសេសការបន្តធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស ដែលមានភាពអំណោយផល និងសម្រួលដល់ការធ្វើពាណិជ្ជកម្មនិងធុរកិច្ច ដែលជាកត្តាសំខាន់ក្នុងការទាក់ទាញវិនិយោគិនបរទេសមកកម្ពុជាបន្ថែមទៀត។

ដោយឡែកលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកអនុគណៈកម្មាធិការទាំងពីរ ព្រមទាំងបានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិក ដែលបានផ្តល់ភាពអនុគ្រោះសម្រាប់ផលិតផលធ្វើដំណើរ ដែលបានចូលរួមចំណែកក្នុងការបង្កើនទំហំពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានជម្រាបអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ដែលនាំឱ្យសេដ្ឋកិច្ចកម្ពុជាស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សពីវិបត្តិជំងឺកូវីដ-១៩។ លោករដ្ឋមន្ត្រី ក៏បានជម្រាបអំពីសមិទ្ធផលថ្មីៗ និងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនៅកម្ពុជា ដូចជា៖ ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ ជាពិសេសកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ និងកំពុងចរចាជាមួយដៃគូផ្សេងៗទៀត, ការដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣, ការកសាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ និងការបន្តធ្វើទំនើបកម្មសេវាសាធារណៈ ការកាត់បន្ថយនីតិវិធីនិងកិច្ចសម្រួលពាណិជ្ជកម្មនានា ដែលបានជួយសម្រួលយ៉ាងច្រើនដល់ការធ្វើធុរកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ជាការឆ្លើយតប សមាជិកអនុគណៈកម្មាធិការទាំងពីរ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាពក្នុងការគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ-១៩ ដ៏មានប្រសិទ្ធភាពរបស់កម្ពុជា ក៏ដូចជាអបអរសាទរចំពោះការសម្រេចបាននូវសមិទ្ធផលថ្មីរបស់កម្ពុជា និងការងើបឡើងវិញយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចរបស់កម្ពុជា។

លើសពីនេះ សមាជិកអនុគណៈកម្មាធិការទាំងពីរ បានជម្រាបអំពីការយកចិត្តទុកដាក់របស់អាមេរិកលើបញ្ហាបរិស្ថាន ការប្រែប្រួលអាកាសធាតុ បទដ្ឋានការងារ ព្រមទាំងបានស្នើឱ្យកម្ពុជាពិនិត្យលទ្ធភាពក្នុងការនាំចូលឧស្ម័នហ្គាសពីសហរដ្ឋអាមេរិកបន្ថែមផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុ ន ចាន់ថុល និងលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានស្នើឱ្យសមាជិកសភាសហរដ្ឋអាមេរិក មកធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យវឌ្ឍនភាពជាក់ស្តែងនៅកម្ពុជា ព្រមទាំងបានអំពាវនាវឱ្យធុរជនអាមេរិកមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត៕