(ប៉េកាំង)៖ ប្រទេសចិនបានចេញសេចក្តីថ្លែងការណ៍មួយ​​ នៅថ្ងៃអាទិត្យនេះថា ការលើកឡើងរបស់ មន្ទីរការពារជាតិប៉ង់តាហ្គោនរបស់អាមេរិក ថាប្រទេសចិន កំពុងតែកសាងមូលដ្ឋានយោធា និងព្រលានយន្តហោះនៅលើប្រជុំកោះ​​ នៃដែនសមុទ្រខាងត្បូង ដើម្បីគ្រប់គ្រងនូវដែនទឹកសមុទ្រចិន ខាងត្បូងទាំងអស់នោះ ថាជារឿងដែលបានបំផ្លាញទំនាក់ទំនងប្រទេសទាំងពីរដ៏អាក្រក់បំផុត។ នេះបើតាមការចេញផ្សាយដោយបាងកកប៉ុស្តិ៍ នៅយប់ថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០១៦។

មន្ទីរបង់តាហ្គោនរបស់អាមេរិក បានចេញរបាយការណ៍មួយថា ប្រទេសចិនកំពុងតែប្រើប្រាស់ ការពង្រឹងយោធា ដើម្បីលេបត្របាក់ដែនសមុទ្រខាងត្បូងទាំងមូលតែម្តង។ ប្រការនេះប្រទេសចិន សូមធ្វើការឆ្លើយតបដូច្នេះថា «យោធាចិនកន្លងមក បានប្រើប្រាស់មធ្យោបាយត្រជាក់ ដើម្បី ដោះស្រាយភាពតានតឹង ក្នុងតំបន់ជាមួយនឹងប្រទេសជិតខាង ដែលវាជាប្រការមួយអាចចៀសវាង ទៅរកជម្លោះរវាងគ្នានឹងគ្នាបាន»

ប្រទេសចិន បានចាត់ទុកការលើកឡើងរបស់អាមេរិកនោះថា ជាការបំផ្លាញយ៉ាងដំណំដល់ទំនាក់ ទំនងរវាងមហាយក្សទាំងពីរ ហើយចិនគិតថាគឺអាមេរិកទៅវិញទេ ដែលកំពុងតែបង្កើនភាពតាន តឹងក្នុងតំបន់សមុទ្រចិនខាងត្បូង តាមរយៈការបញ្ជូនយន្តហោះចម្បាំង និង នាវាពិឃាតមកកៀក នឹងដែនកោះរបស់ប្រទេសចិន។ នេះបើតាមការលើកឡើងរបស់លោក Yang Yujun អ្នកនាំពាក្យ ក្រសួងការពារជាតិចិនប្រាប់ស៊ិនហួរ៕