(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោកស្រី វេនឌី ស្យឺរមិន បានឆ្លៀតពិភាក្សាគ្នារិះរកមធ្យោបាយលើកកម្ពស់កិច្ចសហប្រតិបត្តិការអាស៊ាន-អាមេរិក ដើម្បីឱ្យឈានដល់កម្រិតខ្ពស់ជាងនេះទៀត។ នេះបើយោងតាម Facebook របស់លោក ប្រាក់ សុខុន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។

ឆន្ទៈនេះបង្ហាញឡើង ពេលលោកប្រមុខការទូតកម្ពុជា និងលោកស្រីមន្ត្រីជាន់ខ្ពស់ការបរទេសអាមេរិក ទទួលទានអាហារថ្ងៃត្រង់ អំឡុងពេលលោកអមដំណើរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក នៅទីក្រុងវ៉ាស៉ីនតោនឌីស៉ី និងដើម្បីអបអរសាទរខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក។

លោក ប្រាក់ សុខុន បានបញ្ជាក់ថា «នៅក្នុងកម្មវិធីអាហារថ្ងៃត្រង់ការងាររបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន យើងមានឱកាសជួបគ្នាម្តងទៀត និងបានពិភាក្សារិះរកមធ្យោបាយលើកកម្ពស់កិច្ចសហប្រតិបត្តិការអាស៊ាន-អាមេរិក ដើម្បីឱ្យឈានដល់កម្រិតខ្ពស់ជាងនេះទៀត»

លោក ប្រាក់ សុខុន និងលោកស្រី វេនឌី ស្យឺរមិន ក៏បានពិភាក្សាលើបញ្ហាមួយចំនួន រួមមានទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក ក៏ដូចជាទំនាក់ទំនងក្នុងក្របខណ្ឌអាស៊ានផងដែរ៕