(ភ្នំពេញ)៖ របាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ​ នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ ដែល Fresh News ទទួលបាននៅថ្ងៃទី១៤ ខែឧសភានេះ បានឲ្យដឹងថា រយៈពេល២សប្តាហ៍កន្លងមកនេះ ពោលពីថ្ងៃទី០១ ដល់ទី១៣ ខែឧសភា ឆ្នាំ២០១៦ កម្លាំងនគរបាលចរាណ៍ បានត្រួតពិនិត្យល្បឿនរថយន្តចំនួន១៧,៣០០គ្រឿង ក្នុងនោះមានរថយន្តល្មើសល្បឿនចំនួន៣,០៥៨គ្រឿង ត្រូវកម្លាំងនគរបាលអប់រំ៥៤៩នាក់ និងពិន័យចំនួន២៥០៩នាក់។

របាយការណ៍របស់នាយកដ្ឋានចរាចរណ៍បញ្ជាក់ថា រថយន្តល្មើសភាគច្រើន ជារថយន្តស៊េរីទំនើប។

ជាមួយគ្នានេះ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ក៏អំពាវនាវសូមប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវបើកបរគោរព តាមល្បឿនដែលច្បាប់កំណត់ ក្នុងតំបន់ទីប្រជុំជន ៤០km/h ក្រៅតំបន់ទីប្រជុំជន ៨០km/h ចំពោះកំណាត់ផ្លូវដែលគ្មានផ្លាកសញ្ញាកំណត់ល្បឿន។ ប្រសិនបើមានផ្លាកសញ្ញាកំណត់ល្បឿន ត្រូវគោរពតាមផ្លាកសញ្ញា៕