(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យស្តីពីការបង្កើតតំបន់ ប្រើប្រាស់ច្រើនយ៉ាងទឹកសាបក្បាលឆាយ ដោយបានសម្រេចបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ ដែលមានផ្ទៃទំហំ៦២០២ហិកតា ស្ថិតនៅក្នុងភូមិសាស្រ្ត ខេត្តព្រះសីហនុ។

អនុក្រឹត្យនេះមានគោលបំណងដូចតទៅ៖
​* ធានាការការពារ និងការថែទាំធនធានជីវៈចម្រុះ និងធនធានធម្មជាតិ និងការពារប្រព័ន្ធអេកូឡូស៊ីសម្រាប់រយៈពេលយូរអង្វែង
* ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព
* លើកកម្ពស់ការចូលរួមរបស់ សហគមន៍មូលដ្ឋានក៏ដូចជា សាធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភីរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់។

ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលដែនដីខេត្តព្រះសីហនុ ដើម្បីធានាកិច្ចគាំពារបរិស្ថាន ការអភិរក្ស ជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព៕