(អាម៉េរិក)៖ មនុស្សដែលមានអាយុវែងជាងគេបំផុត នៅលើពិភពលោក អ្នកស្រី Susannah Mushatt Jones អាយុ១១៦ឆ្នាំ បានស្លាប់ហើយ នៅក្នុងទីក្រុង New York សហរដ្ឋអាម៉េរិក នេះបើតាមប្រភពពីក្រុមអ្នកស្រាវជ្រាវ ចេញផ្សាយដោយសារព័ត៌មានស៊ិនហួ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦នេះ។

ការស្លាប់របស់អ្នកស្រី Jones បានធ្វើឲ្យអ្នកស្រី Emma Morano-Martinuzzi អាយុ១១៦ឆ្នាំ ជាស្ត្រីមា្នក់ រស់នៅក្នុងប្រទេសអ៊ីតាលី ក្លាយជាមនុស្សវ័យចាស់ជាងគេ ដែលកំពុងរស់រានមានជីវិត នេះបើតាមក្រុមស្រាវជ្រាវជរាសាស្ត្រ បានបញ្ជាក់យ៉ាងដូច្នេះ។ អ្នកស្រី Jones បានកើតនៅរដ្ឋ Alabama ភាគខាងត្បូង សហរដ្ឋអាម៉េរិក នៅក្នុងឆ្នាំ១៨៩៩ ជាកូនស្រីរបស់អ្នកចែកចាយកសិកផល។

បន្ទាប់ពីបញ្ចប់វិទ្យាល័យ អ្នកស្រីបានចាកចេញពីស្រុកកំណើត នៅក្នុងឆ្នាំ១៩២២ ទៅកាន់រដ្ឋ New Jersey ហើយក្រោយមកទៀត បានបន្តមករស់នៅទីក្រុង New York ដោយធ្វើការជាអ្នកថែ​ទាំបោសសម្អាតផ្ទះ និងអ្នកមើលថែកូនក្មេង នេះបើតាមស្ថាប័ន Guinness World Records បានឲ្យដឹង។ អ្នកស្រី ​Jones បានចូលនិវត្តន៍នៅក្នុងឆ្នាំ១៩៦៤ ហើយអ្នកស្រីបានបញ្ជាក់ថា ការដេកច្រើន គឺជាវិធីសាស្ត្រសំងាត់មួយ ធ្វើឲ្យអ្នកស្រីមាន អាយុវែង ហើយអ្នកស្រីថា អ្នកស្រីមិនដែលជក់បារី ឬផឹកស្រានោះទេ។

គួរជំរាបថា​ មនុស្សដែលមានអាយុវែងជាងគេបំផុត ត្រូវបានបញ្ជាក់កាលពីពេលមុន គឺអ្នកស្រី Jeanne Calment ជនជាតិបារាំង បានស្លាប់ក្នុងឆ្នាំ១៩៩៧ ក្នុងវ័យ១២២ឆ្នាំ និង១៦៤ថ្ងៃ៕