(ភ្នំពេញ)៖ បន្ទាប់ពីបានបញ្ចប់ការសិក្សាយ៉ាងលំបាកអស់រយៈពេល ៥ ឆ្នាំ ២០១៦-២០២០ មក ភិក្ខុ ព្រះមុនីកោសលបណ្ឌិត យ៉ន សេង យៀត បានបញ្ចប់ការសិក្សា ដោយជោគជ័យនៅមហាវិទ្យាល័យទស្សនវិជ្ជា ហាវឺដ នៃ សហរដ្ឋអាមេរិក (Harvard Divinity School) ហើយទទួលបាន « សក្ខីបត្រថ្នាក់បណ្ឌិតរដ្ឋ » ពីសាកលវិទ្យាល័យ Harvard នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ នេះ ជាលើកដំបូងហើយ ដែលព្រះសង្ឃខ្មែរ ទទួលបានសក្ខីបត្រថ្នាក់ក្រោយបណ្ឌិតបែបនេះពីសកលវិទ្យាល័យលំដាប់ពិភពលោកមួយនោះ ។

គួររំលឹកថា កាលពីដើមនិទាឃៈរដូវក្នុងឆ្នាំ២០១៦ សាកលវិទ្យាល័យហាតវឺដ (Harvard) បានសម្រេចផ្ដល់អាហាររូបករណ៍រយៈពេល៥ឆ្នាំ សម្រាប់កម្រិតសិក្សា «ថ្នាក់ក្រោយបណ្ឌិត_Postdoc » (Postdoctoral Research Fellowship) លើប្រធានបទ «មាគ៌ាអរិយជន» ដែលផ្ដោតសំខាន់អំពីតូនាទីព្រះសង្ឃក្នុងការកសាងនិងថែរក្សាសន្តិភាព ។

អ្វីដែលគូរឱ្យកត់សម្គាល់នោះគឺថា នេះជាលើកទី១ហើយ ដែលសាកលវិទ្យាល័យ Harvard បានសម្រេចប្រគេនអាហារូបករណ៍កម្រិតខ្ពស់បំផុតប្រភេទនេះ ដល់បញ្ញាវន្តសង្ឃពុទ្ធសាសនាថេរៈវាទ នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនក្នុងរយៈពេល៣៨៦ឆ្នាំ ចាប់តាំងពីថ្ងៃបង្កើតសាកលវិទ្យាល័យឡើងនៅក្នុងឆ្នាំ១៦៣៦ មក។

ព្រះមុនីកោសល បណ្ឌិតរដ្ឋ យ៉ន សេង យៀត សូមថ្លែងអំណរគុណដល់ឧបត្ថម្ភកជនជាច្រើនដែលជាព្រះសង្ឃនិងជាគ្រហស្តទាំងក្នុងនិងក្រៅប្រទេស ដែលបានជួយជ្រោមជ្រែងដល់ព្រះអង្គ រួមមានសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ហើយជាពិសេសគឺលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកស្រី ខៀវ ស៊ីណា ញោមប្រុស ចក់ យ៉ន ញោមស្រី ព្រំ លឿត និង បណ្ឌិត កុល ផេង ព្រមទាំងទាំងសាកលវិទ្យាល័យHarvard ដែលបានផ្ដល់អាហារូបករណ៍ដល់ព្រះអង្គ ៕