(ក្រចេះ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ក្រុមការងារដឹកនាំដោយលោកវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសារជនជាតិភាគតិចចាស់ឥតទីពឹង ជនមានពិការភាព ស្ត្រីមេម៉ាយមានជីវភាពខ្វះខាតចំនួន១,០៣១ គ្រួសាររស់នៅទីជនបទដាច់ស្រយាល នៃខេត្តក្រចេះ។

តាមការបញ្ជាក់ពីលោកវេជ្ជ. នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា «ក្នុងបេសកកម្មមនុស្សធម៌ នៅលើទឹកដីខេត្តក្រចេះនេះ គឺអនុវត្តតាមអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាក់ស្តែងលោកវេជ្ជ. អ៊ុយ សំអាត បាននាំយកអំណោយរបស់ កាកបាទក្រហមកម្ពុជា មកផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលមានរយៈពេល៧ថ្ងៃ នៅខេត្តក្រចេះ។

គោលដៅទី១៖ នៅស្រុកឆ្លូង ចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី១-៤ ខែឧសភា ឆ្នាំ២០២២ សម្រាប់ប្រជាពលរដ្ឋ ៣១៦គ្រួសារ មកពី ២ឃុំ (ឃុំ កំពង់ដំរី, ឃុំដំរីផុង)។
គោលដៅទី២៖ នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២២ ក្នុងស្រុកចិត្របុរី សម្រាប់ប្រជាពលរដ្ឋ ១៨៤គ្រួសារ មកពី ៤ឃុំ (ឃុំចង្ក្រង, ឃុំដា, ឃុំ កន្ទួត និងឃុំថ្មី)។
គោលដៅទី៣៖ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ក្នុងស្រុកស្នួល សម្រាប់ប្រជាពលរដ្ឋ ២៤៧គ្រួសារ មកពី៤ឃុំ ( ឃុំខ្សឹម, ឃុំ២ធ្នូ, ឃុំស្វាយជ្រះ និងឃុំក្រញូងសែនជ័យ)។ គោលដៅទី៤ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ក្នុងស្រុកសំបូរ សម្រាប់ប្រជាពលរដ្ឋចំនួន២៨៧ គ្រួសារ មកពី៣ឃុំ ( ឃុំអូរគ្រៀង, ឃុំក្បាលដំរី និងឃុំកោះខ្ញែរ)។

សរុបក្នុងការចែកជូនបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះនៅក្នុងខេត្តក្រចេះ មានរហូតដល់១,០៣១ គ្រួសារ។ បន្ទាប់ពីបញ្ចប់បេសកកម្មនៅខេត្តក្រចេះ ក្រុមការងារ និងបន្តប្រតិបត្តិការទៅខេត្តស្ទឹងត្រែង, ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ជាបន្តទៀតផងដែរ។

មានមតិសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ លោកវេជ្ជ. អ៊ុយ សំអាត គឺតែងតែពាំនាំនូវព្រះរាជបណ្តាំផ្ញើសាកសួរសុខទុក្ខពី ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយក្តីអាណិតអាសូរ កាស្រឡាញ់យ៉ាងជ្រាលជ្រៅ ហើយសម្តេចតែងតែគិតគូរពីជីវភាពរស់នៅជាប្រចាំថ្ងៃ នៃគ្រួសារនីមួយៗ ថ្វីបើ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន មានទុក្ខដ៏ក្រៀមក្រំបំផុត ដែលឯកឧត្តម ហ៊ុន ណេង ត្រូវជាបងបង្កើតរបស់សម្តេចតេជោ និងត្រូវជាបងថ្លៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានទទួលមរណភាព ដោយជំងឺគាំងបេះដូង ក៏សម្តេចប្រធាននៅតែតាមដានព័ត៌មាន និងបានឲ្យក្រុមការងារយកចិត្តទុកដាក់បន្តពិនិត្យមើលស្ថានភាពរបស់បងប្អូនប្រជាពលរដ្ឋទៅដល់មូលដ្ឋាន។

ទន្ទឹមនេះ លោកវេជ្ជ. អ៊ុយ សំអាត បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេបានប្រោសប្រទានព្រះរាជទ្រព្យជារៀងរាល់ខែ រៀលរាល់ត្រីមាស និងក្នុងឱកាសផ្សេងៗ ជាបន្តបន្ទាប់ ព្រមទាំងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមបរិច្ចាគធនធានថវិកាប្រកបដោយទឹកចិត្តជ្រះថ្លាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីឲ្យកាកបាទក្រហមកម្ពុជា មានលទ្ធភាពក្នុងការបំពេញសកម្មភាពមនុស្សធម៌ជូនជនរងគ្រោះ និងជនងាយរងគ្រោះបានដូចនាពេលនេះ។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋទាំង១,០៣១គ្រួសារ ដែលបានទទួលអំណោយនេះ បានសម្តែងនូវភាពរីករាយ និងថ្លែងអំណរគុណ ចំពោះទឹកចិត្តរបស់សម្តេច ដែលនឹករលឹក ក្តីអាណិតអាសូរមកដល់ពួកគាត់។

លោកវេជ្ជ. បានបញ្ជាក់ថា «បើទោះបីជាអំណោយនេះ មិនអាចទ្រទ្រង់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋយើងបានយូរអង្វែង តែក៏អាចជួយសម្រួលបានមួយគ្រាផងដែរ ព្រោះតែនៅក្នុងស្ថានភាព របស់បងប្អូនប្រជាពលរដ្ឋពេលនេះកំពុងជាប់ដៃមមាញឹកក្នុងការដាំដុះនាដើមរដូវវស្សា»

ការចែកជូនអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដល់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះនៅក្នុងខេត្តក្រចេះនេះ លោកវេជ្ជ. អ៊ុយ សំអាត និងក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្ត អនុសាខាស្រុក ក៏បានចុះទៅតាមខ្នងផ្ទះនិងបាននាំយកអំណោយជូនដល់លោកយាយ លោកតា ដែលជាជនចាស់ជរា គ្មានទីពឹង ក្នុងនោះក៏មានគ្រួសារ ប្រជាពលរដ្ឋពិការនៅភូមិប្រវ៉ាញ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ មាន ៣ គ្រួសារ រួមមាន៖

១៖ លោកអុំ ធួ ថើ ភេទប្រុស អាយុ៧៧ឆ្នាំ ជាជនពិការភ្នែកមានសភាពចាស់ជរា បានទទួលផ្ទះទេវតានៅឆ្នាំ ២០១៣ ។
២៖ លោកស្រី សេន ចន្ធូ ភេទស្រី អាយុ៤៤ឆ្នាំ ជាជនពិការភ្នែក សព្វថ្ងៃជាស្ត្រីមេម៉ាយរស់នៅជាមួយកូនប្រុសម្នាក់ បានទទួលផ្ទះពីក្រុមការងារថ្នាក់ស្រុកដឹកនាំដោយ លោក សាម ណាល់ ប្រធានគណៈកម្មាធិការអនុសាខាស្រុកស្នួល និង លោក មាស សុភាព មេបញ្ជាការវរសេនាតូចលេខ ៤។
៣៖ កញ្ញា តាន់ មុំ អាយុ ២៥ឆ្នាំ ជាជនពិការភ្នែក បានទទួលផ្ទះពីលោក មាស សុភាព មេបញ្ជាការវរសេនាតូចលេខ៤។

សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា នៅតែបន្តជួយដល់ពួកគាត់ដែលជាជនងាយរងគ្រោះដូចភ្លៀងរលឹម។

សូមបញ្ជាក់ថា គ្រួសារងាយរងគ្រោះទាំង១,០៣១ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអីវ១យួរ, ជែលលាងដៃ ២ដប និងឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ១ឃីត ។ ដោយឡែកចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ និងជនមានពិការភាព មានជីវភាពខ្វះខាតទទួលបានថវិកាបន្ថែមមួយចំនួនទៀតផងដែរ៕