(ស្វាយរៀង)៖ នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានចុះសាកសួរសុខទុក្ខតាមខ្នងផ្ទះ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់ប្រជាពលរដ្ឋ ចំនួន ២៥គ្រួសារ ដែលមានជីវភាពខ្វះខាត ព្រមទាំងបានជួបសំណេះសំណាលជាមួយលោកយាយ-លោកតា ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត។

ក្នុងឱកាសនោះ លោក លី ធុជ បានពាំនាំនូវសេចក្តីនឹករលឹក និងសាកសួរសុខទុក្ខពីសម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋស្ថិតក្នុងក្រុងបាវិត ព្រមទាំងបានស្នើសុំឲ្យប្រជាពលរដ្ឋបន្តគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាសន្តិភាព និងការអភិវឌ្ឍ។

លោក លី ធុជ បានបន្តទៀតថា «មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលតែងតែនៅរួមរស់ ស្គាល់ទុក្ខលំបាក និងដោះស្រាយរាល់បញ្ហាប្រឈមរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ព្រមទាំងបានកសាងនូវសមិទ្ធផលយ៉ាងច្រើនចាប់ពីទីប្រជុំជន រហូតដល់មូលដ្ឋាន ដូចអ្វីដែលបងប្អូនបានឃើញយ៉ាងច្បាស់នាពេលបច្ចុប្បន្ននេះ»។

ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ខាងមុខនេះ លោក លី ធុជ បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីការអភិវឌ្ឍនៅមូលដ្ឋាន និងដើម្បីគ្រួសាររបស់យើងទាំងអស់គ្នា៕