(កណ្តាល)៖ លោក ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងទទួលជួយស្រុកកណ្តាលស្ទឹង ប្រធាន គណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ចំនួន ២,៩៦៦នាក់ នៅឃុំគោកត្រប់ និងឃុំត្រពាំងវែង ស្រុកកណ្តាល ស្ទឹង ខេត្តកណ្តាល នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២។

លោក ម៉ម ប៊ុននាង បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសព្វរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងរយៈពេលជិត ៤ទសវត្សរ៍កន្លងមកនេះ កម្ពុជា សម្រេចបាននូវសុខសន្តិភាពពេញលេញ បរិបូរណ៍ ពង្រឹងបានធ្លុងសាមគ្គីភាពជាតិ រក្សាបានស្ថិរភាពនយោបាយ ជាសមិទ្ធផលដ៏ធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជាតិកម្ពុជាទាំងមូល និងជាមូលដ្ឋានមិនអាចខ្វះបានក្នុងការពន្លឿនការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយនិរន្តភាព។ មិនថាស្ថិតក្នុងកាលៈទេសៈ និងស្ថានភាពបែបណាទេ គណបក្សប្រជាជនកម្ពុជា តែងតែប្តេជ្ញាថែរក្សាឱ្យខាងតែបាននូវសុខសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា។

ក្នុងឱកាសនោះ លោក ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជូនក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋឃុំគោកត្រប់ និងឃុំត្រពាំងវែងទាំងអស់ ។

ទន្ទឹមនោះ លោក បានផ្តាំផ្ញើដល់អាជ្ញាធរឃុំ និងប្រជាពរលដ្ឋទាំងអស់ ឱ្យថែទាំសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ និងសហគមន៍ ពីជំងឺកូវីឌ-១៩ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម...។ល។ តាមរយៈការរស់នៅស្អាត ហូបស្អាត និងបន្តអនុវត្តវិធានការសុខាភិបាល ៣កុំ និង៣ការពារ និងត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដុសមូលដ្ឋាន និងដុសជំរុញតាមកាលកំណត់ឱ្យបានគ្រប់ៗគ្នា ។

លោក បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានកូនចៅគ្រប់អាយុបោះឆ្នោត ឱ្យពិនិត្យមើលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ លិខិតបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតឡើងវិញ បើមានការបាត់បង់ ឬខុសឆ្គង ត្រូវរាយការណ៍បន្ទាន់ដល់អាជ្ញាធរមូលដ្ឋាន។ សូមប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ឱ្យបានទាំងអស់គ្នា។

លោក បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ឱ្យយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈ និងបន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យបានល្អប្រសើរ ដើម្បីថែរក្សាសេចក្តីសុខ សុវត្ថិភាព និងការអភិវឌ្ឍរីកចម្រើនក្នុងមូលដ្ឋានយើង។

ក្នុងឱកាសនោះដែរ លោកប្រធាន បានឧបត្ថម្ភដល់ប្រជាពលរដ្ឋនៅឃុំគោកត្រប់ចំនួន ១,២៦០នាក់ និងឃុំត្រពាំងវែងចំនួន ១,៧០៦នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២០,០០០រៀល និងចំណាយផ្សេងៗ ដោយចំណាយអស់ថវិកាសរុបចំនួន ៦០,១២០,០០០រៀល៕