(កណ្ដាល)៖ លោក ហេង រតនា ប្រធានក្រុមការងារ រាជរដ្ឋាភិបាលជួយស្រុកលើកដែក ខេត្តកណ្ដាល នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២នេះ បានបន្តចុះសំណេះសំណាល ជាមួយក្រុមបក្ស, ស្ដ្រី, យុវជន, បេក្ខជនពេញសិទ្ធិ និងបម្រុង ក្រុមការងារ ភូមិ-ស្រុក ក្នុងឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្ដកណ្ដាល ជាង៤០០នាក់។

ក្នុងឱកាសនោះ លោក ហេង រតនា បានណែនាំឲ្យសមាជិកបក្សទាំងអស់ បោះឆ្នោតជូនបេក្ខជនឈរឈ្មោះគណបក្សប្រជាជនកម្ពុជា និងបានប្រាប់ដល់សមាជិកបក្សទាំងអស់ ត្រូវពង្រឹងគុណភាពបក្ស តាមរយៈគោលការណ៍ «សមាជិកម្នាក់ សន្លឹកឆ្នោតមួយសន្លឹក»។

លោក ហេង រតនា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងសមាជិកគណបក្សគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង ពលីគ្រប់បែបយ៉ាង និងគាំទ្រដល់សកម្មភាពនានា របស់គណបក្សនៅតាមមូលដ្ឋាន ក្នុងបុព្វហេតុដើម្បីឧត្តមប្រយោជន៍ជាតិមាតុភូមិ គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋ។

លោក ហេង រតនា ក៏បានលើកឡើងអំពីតម្លៃសន្ដិភាព បើសិនជាគ្មានសន្ដិភាពទេ គឺមិនមែនការអភិវឌ្ឍន៍ ហើយក៏គ្មានជួបជុំគ្នាផងដែរ។ តួរយ៉ាងដូចប្រទេសអ៊ុយក្រែន ដែលជាប្រទេសធ្លាប់តែរុងរឿង ឥឡូវនេះ បានប្រែក្លាយទៅជាប្រទេសមួយ ដែលខ្ទេចខ្ទាំដោយសារតែសង្គ្រាម ដូច្នេះសន្ដិភាព គឺជារឿងសំខាន់ ដែលយើងត្រូវចូលរួមការពារទាំងអស់គ្នា។

លោក ហេង រតនា បានឲ្យដឹងផងដែរ ចំពោះវ៉ាក់សាំង ប្រសិនជាគ្មានការគិតគូរដ៏ឈ្លាសវៃ ត្រឹមត្រូវ និងទាន់ពេលវេលារបស់សម្ដេចតេជោ ហ៊ុន សែន នោះទេ គឺយើងនឹងជួបបញ្ហា ដូចប្រទេសជិតខាង ឧទាហរណ៍ ដូចជាប្រទេសវៀតណា និងថៃ ជាដើម។

លោកថា ដោយសារតែយុទ្ធសាស្ដ្រវ៉ាក់សាំង របស់សម្ដេចតេជោនេះហើយ បានធ្វើឲ្យយើងទាំងអស់គ្នា អាចដើរហើរបានដោយសេរី និងមានការជួបជុំគ្នាបានឡើងវិញ ប៉ុន្ដែយើងនៅតែពង្រឹង និងនៅតែអនុវត្ដវិធានសុខាភិបាល ឲ្យបានគ្រប់ៗ ដើម្បីប្រយុទ្ធនឹងជំងឺនេះ។

ជាមួយគ្នានេះ លោក ហេង រតនា ក៏បានជំរុញឲ្យសមាជិកគណបក្សទាំងអស់ ត្រូវបន្តរៀបចំកម្លាំងស្នូលគណបក្ស បន្តចុះឲ្យដល់គ្រប់ទីកន្លែងក្នុងមូលដ្ឋាន ចុះគ្រប់តាមគ្រួសារបក្ស និងកែលំអររាល់សកម្មភាពអវិជ្ជមានដែលខ្លួនមាន។

លោក ហេង រតនា បានណែនាំឲ្យក្រុមការងារគណបក្ស ត្រូវបន្តប្តូរឥរិយាបទ បន្ទាបខ្លួន និងហ៊ានទទួល យកនូវការតិះទៀនទាំងឡាយ ពីប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសត្រូវបន្តកែលំអររាល់ទង្វើអវិជ្ជមាន និងយកចិត្តទុកដាក់បន្ថែមចំពោះទុក្ខធុរៈ របស់ប្រជាពលរដ្ឋ សមាជិកបក្ស និងក្រុមគ្រួសារបក្ស។

ទន្ទឹមគ្នានេះ លោក ហេង រតនា ក៏បានពង្រឹង និងជំរុញបន្ថែម អំពីចំនួនសមាជិកបក្ស ទាក់ទងនឹងរឿងអត្ដសញ្ញាបណ្ណនិងត្រូវពិនិត្យឈ្មោះបោះឆ្នោតនៅ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ផងដែរ។

បន្ទាប់មកនៅព្រឹកថ្ងៃដដែលនោះ លោក ហេង រតនា និងក្រុមការងារបានជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី ជាង៥០០នាក់ នៅក្នុងឃុំព្រែកទម្លាប់ ស្រុកលើកដែកផងដែរ។

លោកបានណែនាំដល់កម្មករ កម្មការិនីទាំងអស់ ត្រូវចូលរួមពន្យល់ដល់មិត្តភក្តិ ដែលធ្វើការជាមួយគ្នា ឲ្យបានយល់ និងជ្រួតជ្រាបពីតម្លៃនៃសន្តិភាព និងគុណតម្លៃរបស់គណបក្សប្រជាជន ដែលនាំមកនូវសន្តិភាព និងការរីកចម្រើនរបស់ប្រទេសជាតិ។

លោកអំពាវនាវដល់កម្មករ កម្មការិនី បន្តគាំទ្រគណបក្សប្រជាជនកម្ពុជា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យប្រទេសជាតិ មានសុខសន្តិភាព និងរីកចម្រើនតរៀងទៅ៕