(ស្វាយរៀង)៖ លោក លី សុវណ្ណ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា (CPP) ចុះជួយឃុំទួលស្ដី ស្រុកចន្ទ្រា ខេត្តស្វាយរៀង បានថ្លែងថាសម្តេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាង ដើម្បីជាតិមាតុភូមិ និងប្រជាជនកម្ពុជា ដូចជាការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ និងការបង្កើតឲ្យមានសន្តិភាពពេញលេញទូទាំង ប្រទេសតាមរយៈការអនុវត្តនយោបាយឈ្នះឈ្នះ។

លោកថា ជាពិសេសថ្មីៗនេះប្រឈមមុខនឹងជំងឺដ៏កាចសហាវកូវីដ-១៩ សម្តេចតេជោ បានរិះរកគ្រប់មធ្យោបាយដើម្បីស្វែងរកនូវវ៉ាក់សាំងបង្ការកូវីដចាក់ជូន ប្រជាពលរដ្ឋគ្រប់ៗគ្នាដែលជាវ៉ាក់សាំងជីវិត ដើម្បីឲ្យរួចផុតពីការបាត់បង់ជីវិតដោយសារជំងឺឆ្លងកូវីដ-១៩។

ថ្លែងនៅក្នុងពិធីសម្ភោធឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តទីបារាម ស្ថិតនៅឃុំទួលស្តី ស្រុកចន្ទ្រា នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ លោកបានបន្តទៀតថា ព្រះពុទ្ធសាសនា និងទីវត្តអារាម មិនគ្រាន់ តែជាទីសក្ការៈបូជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីកន្លែងសម្រាប់បណ្តុះ នូវបញ្ញាញ្ញាណ និងជា ថ្នាលសម្រាប់បណ្តុះគ្រាប់ពូជបញ្ញវ័ន្ត សម្រាប់ការកសាងជាតិ ក្នុងគ្រប់វិស័យផងដែរ។

លោកក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងចូលរួមថែរក្សា នូវសមិទ្ធិផល ដែលយើងបានសម្ពោធក្នុងថ្ងៃនេះឲ្យ បានគង់វង្ស ឋិតស្ថេរ ដើម្បីទុកជាទីកន្លែងគោរពប្រត្តិបត្តិផ្នែកសាសនា ជាពិសេស អនុវត្តវិធានការណ៍ ៣ការពារ៣កុំ ឲ្យបានទាំងអស់គ្នា។

ដើម្បីឆ្លើយតបនឹងគុណបំណាច់របស់សម្តេចតេជោ លោកលី សុវណ្ណ អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តការគាំទ្រការដឹកនាំរបស់សម្តេចតេជោ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងបោះឆ្នោតគាំទ្រសម្តេចតេជោជានាយករដ្ឋមន្រ្តីក្នុង២០២៣ និងឆ្នាំបន្តៗទៀត៕