(ភ្នំពេញ)៖ ក្រសួងបរិស្ថាននឹងរៀបចំ «វេទិកាកេសរកូលជាតិលើកទី២» នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.)។

វេទិកានេះ នឹងរៀបចំឡើងនៅអគារខេមរានី សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន ស្ថានទូត អង្គការដៃគូ វិស័យឯកជន អ្នកជំនាញជាតិ និងអន្តរជាតិ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធ។

សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា វេទិកានេះរៀបចំឡើងក្នុងគោលបំណងដើម្បី៖

១៖ ផ្សព្វផ្សាយឱ្យសាធារណជនបានស្គាល់ពីប្រភេទកេសរកូលព្រៃរបស់កម្ពុជា
២៖ ចែករំលែកព័ត៌មានស្តីពីវឌ្ឍនភាពនៃការរៀបចំមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន
៣៖ ចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ធម្មជាតិ
៤៖ ផ្សារភ្ជាប់បណ្តាញអ្នកសិក្សាស្រាវជ្រាវ និងពង្រឹងការអភិរក្សកេសរកូលព្រៃនៅកម្ពុជា។

វេទិកានេះក៏មានការតាំងបង្ហាញពីប្រភេទកេសរកូលព្រៃ កេសរកូលពូជបង្កាត់ រុក្ខជាតិកម្រ រុក្ខជាតិលម្អ និងផលិតផលធម្មជាតិជាច្រើនប្រភេទ ដែលអនុញ្ញាតឱ្យសិស្ស និស្សិត ភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជនអាចចូលទស្សនាដោយសេរី ចាប់ពីម៉ោង ១៣៖៣០នាទី ដល់ម៉ោង ១៧៖០០នាទី៕