(ប៉ៃលិន)៖ ក្រោយពីទទួលបានអាវភ្លៀង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧត្តមសេនីយ៍ត្រី កែម អនុជ មេបញ្ជាការ បានធ្វើការបែងចែកជូនដល់ នាយទាហាន នាយទាហានរង និងពលទាហាន ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងប៉ៃលិនទាំងអស់ និងបែងចែកជូនដល់មេបញ្ជាការតាមបណ្តាអង្គភាពចំណុះ។

ក្នុងពេលចែកអាវភ្លៀង នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានថ្លែងថា ក្រោយពីទទួលបានអាវភ្លៀង មេបញ្ជាការគ្រប់កងឯកភាព ចំណុះទីបញ្ជាការទាំងអស់ ត្រូវរួសរាន់បន្តបើកចែកដល់ដៃកងទ័ពឲ្យបានឆាប់បំផុត ព្រោះរដូវកាលនេះគឺជារដូវភ្លៀងធ្លាក់។

ឧត្តមសេនីយ៍ត្រី កែម អនុជ មេបញ្ជាការ នាយទាហាន នាយទាហានរង និងពលទាហាន ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងប៉ៃលិន បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលតែងតែគិតគូរពីការរស់នៅរបស់កងទ័ព និងកងកម្លាំងឈរជើងនៅតាមព្រំដែនគ្រប់ពេលវេលា ដែលជានិច្ចកាលរដូវរងាឧបត្ថម្ភអាវរងា នៅរដូវវស្សា ឧបត្ថម្ភអាវភ្លៀង នៅរដូវភ្លៀង និងថវិកា សម្ភារផ្សេងៗទៀត ដោយអំណោយទាំងនេះ បានបញ្ជូនដល់ដៃកងកម្លាំងគ្រប់អង្គភាព។

សូមជម្រាបថា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ លោកវរសនីយ៍ឯក តូ គីមឃុន មេបញ្ជាការរង នាយសេនាធិការ តំណាងឧត្តមសេនីយ៍ត្រី កែម អនុជ បានចូលរួមពិធីទទួលអាវភ្លៀង ដែលជាអំណោយរបស់សម្តេចតេជោ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោពលខេមរភូមិន្ទ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១៕