(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២នេះ បានផ្ញើសារថ្លែងអំណរគុណលោក ផាម មិញ ជិញ នាយករដ្ឋមន្រ្តីវៀតណាម ដែលបានផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលជាបងប្រុសបង្កើតរបស់សម្តេច។

ក្នុងសារដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន សម្តេចតេជោ បានបញ្ជាក់ដូច្នេះថា៖

«ឯកឧត្តម ជាម មិញ វិញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាមហាណូយ

ខ្ញុំ និងភរិយាបានទទួលដោយអំណរគុណដ៏ជ្រាលជ្រៅនូវសាររំលែកទុក្ខរបស់ឯកឧត្តមផ្ញើជូនខ្ញុំ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពបងប្រុសបង្កើតជាទីស្រឡាញ់របស់ខ្ញុំ កាលពីរសៀលថ្ងៃទី៥ខែឧសភា ឆ្នាំ២០២២។

ខ្ញុំ និងភរិយាមានក្តីរំភើបណាស់ចំពោះសមានចិត្តដ៏ប្រពៃរបស់ឯកឧត្តម ដែលបានចូលរួម មរណទុក្ខ ជាមួយនឹងក្រុមគ្រួសាររបស់ខ្ញុំ ក្នុងគ្រាដែលយើងខ្ញុំទាំងអស់គ្នាកំពុងតែសោកសៅឥតឧបមាដោយសារការបាត់បង់ដ៏ធំធេងនេះ។

ខ្ញុំ សូមជូនពរឯកឧត្តម និងក្រុមគ្រួសារមានសុខភាពល្អ សុភមង្គល និងបន្តជោគជ័យគ្រប់ភារកិច្ច។ សូម ឯកឧត្តម ទទួលនូវការរាប់អានជ្រាលជ្រៅពីខ្ញុំ»។

សូមបញ្ជាក់ថា សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានទទួលអនិច្ចកម្ម ដោយរោគាពាធ នៅម៉ោង៦៖២៥នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ។

សពរបស់សម្តេចពេលនេះ ត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ហើយនៅថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ សពសម្តេចនឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕