(កំពង់ចាម)៖ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធ សម្ដេចឧត្ដមទេពញាណ ហ៊ុន ណេង បងប្រុសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅខេត្តកំពង់ចាម។

នៅមុនដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធនេះ លោក កឹម សុខា បានផ្ញើសារជូនសម្តេចតេជោ ដោយចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ សម្ដេចឧត្ដមទេពញាណ ហ៊ុន ណេង ផងដែរ។

តាមរយៈសារចូលរួមរំលែកទុកនោះ លោក កឹម សុខា បង្ហាញពីសេចក្តីសោកស្តាយក្រៃលែង ដោយបានទទួលដំណឹងមរណភាពនេះ។ លោកបានបញ្ជាក់បន្ថែមថា៖ «ក្នុងឱកាសដ៏ក្រៀមក្រមបំផុតនេះ ខ្ញុំនិងភរិយា សូមចូលរួមរំលែកមរណៈទុក្ខដ៏ធំធេងជាមួយសម្តេចតេជោ និងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្ធ ឯកឧត្តមហ៊ុន ណេង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»

សូមបញ្ជាក់ថា សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកអចិន្រ្តៃយ៍នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានទទួលមរណភាព ដោយជំងឺបេះដូង នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ៧២ឆ្នាំ។

សពរបស់ សម្ដេច ហ៊ុន ណេង បានតម្កល់ធ្វើបុណ្យនៅគេហដ្ឋានភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ហើយនៅថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ សពសម្ដេច ហ៊ុន ណេង នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

មរណភាពរបស់ សម្ដេច ហ៊ុន ណេង គឺជាការបាត់បង់ នូវឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូប ដែលមានស្នាដៃ និងបទពិសោធចូលរួមកសាង និងការពារជាតិប្រកបដោយសមត្ថភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេស សម្តេចបានធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់ ដើម្បីរួមចំណែករំដោះជាតិ មាតុភូមិ និងប្រជា ពលរដ្ឋកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងចូលរួមកសាងប្រទេសជាតិឡើងវិញ រហូតទទួលបានការមកដល់សព្វថ្ងៃ៕