(ភ្នំពេញ)៖ លោក ផាម មិញ ជិញ នាយករដ្ឋមន្រ្តីវៀតណាម នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២នេះ បានផ្ញើសារលិខិតមួយជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បងប្រុសបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន។

តាមរយៈសារដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន លោកនាយករដ្ឋមន្រ្តីវៀតណាម បានបញ្ជាក់យ៉ាងដូច្នេះថា៖

«សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់! 

យើងខ្ញុំបានទទួលដំណឹងថា ឯកឧត្ដមព្រឹទ្ធចារ្យ ហ៊ុន ណេង សមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍ ប្រធានគណៈកម្មការ មហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភាព្រះរាជាណាចក្រកម្ពុជា ជាបងប្រុសជាទីស្រឡាញ់ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីបានទទួលមរណភាព កាលពីថ្ងៃទី៥ ខែ ឧសភា ឆ្នាំ ២០២២ ជំនួសមុខរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងរូបខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងក្រុមគ្រួសារទាំងអស់នៃសព។

ខ្ញុំសង្ឃឹមថា សម្តេចតេជោ នាយករដ្ឋមន្ត្រី និងក្រុមគ្រួសារ អាចជំនះការបាត់បង់ ដ៏ធំធេងនេះ»។

សូមបញ្ជាក់ថា សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានទទួលអនិច្ចកម្ម ដោយរោគាពាធ នៅម៉ោង៦៖២៥នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ។

សពរបស់សម្តេចពេលនេះ ត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ហើយនៅថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ សពសម្តេចនឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕