(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២នេះ បានផ្ញើសារថ្លែងអំណរគុណលោក មុត ចន្ថា នាយកខុទ្ទកាល័យលោក កឹម សុខា ដែលបានផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលជាបងប្រុសបង្កើតរបស់សម្តេច។

ក្នុងសារដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន សម្តេចតេជោ បានបញ្ជាក់ដូច្នេះថា៖

«ជូនឯកឧត្តមមុត ចន្ថា និងលោកជំទាវ ជាទីរាប់អាន

ខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារនៃសព សូមថ្លែងអំណរគុណចំពោះសាររំលែកទុក្ខដែលឯកឧត្តមនិងលោកជំទាវបានជូនមកខ្ញុំនិងក្រុមគ្រួសារក្នុងពេលដែលយើង ខ្ញុំកំពុងមានការបាត់បង់ដ៏ធំធេងនាពេលនេះ។

សូមឯកឧត្តម និងលោកជំទាវទទួលនូវការស្រឡាញ់រាប់អានពីខ្ញុំនិងភរិយា។

កំពង់ចាមក្រុងថ្ងៃ៧ឧសភា២០២២
ហ៊ុន សែន»។

សូមបញ្ជាក់ថា សពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានទទួលអនិច្ចកម្ម ដោយរោគាពាធ នៅម៉ោង៦៖២៥នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ។

សពរបស់សម្តេចពេលនេះ ត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ហើយនៅថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ សពសម្តេចនឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕