(ភ្នំពេញ)៖ លោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់ លោក កឹម សុខា នៅយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២នេះ បានផ្ញើសារជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ សម្តេចឧត្តមទេពញាន ហ៊ុន ណេង ដែលជាបងប្រុសបង្កើតរបស់សម្តេចតេជោ។

តាមរយៈសារដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន លោក មុត ចន្ថា បានលើកឡើងយ៉ាងដូច្នេះថា៖

«សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់!

ភរិយាខ្ញុំ និងខ្ញុំ មានសេចក្តីរន្ធត់ក្តុកក្តួលរំជួលចិត្តឥតឧបមា ចំពោះមរណភាពរបស់ ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ដែលបានទទួលអនិច្ចកម្ម ដោយរោគាពាធ នៅម៉ោង៦៖២៥នាទី នាល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ។

ស្ថិតក្នុងឱកាសដ៏សែនក្រៀមក្រំនេះ ភរិយាខ្ញុំ និងរូបខ្ញុំ សូមចូលរួមរំលែកមរណទុក្ខដោយការសោកស្តាយជាទីបំផុតជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង ដែលជាបងប្រុស ជាបងថ្លៃ ជាស្វាមី ជាឪពុក ជាឪពុកក្មេក ជាជីតា ជាទីគោរពស្រលាញ់យ៉ាងជ្រាលជ្រៅបំផុត និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ព្រមទាំងជាការបាត់បង់ឥស្សរជនជាន់ខ្ពស់ឆ្នើមមួយរូប ក្នុងបុព្វហេតុជាតិមាតុភូមិកម្ពុជា។

ភរិយាខ្ញុំ និងខ្ញុំ សូមលំឱនកាយឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្ដមព្រឹទ្ធាចារ្យ ហ៊ុន ណេង សូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុត អំពីខ្ញុំបាទ៕

រាជធានីភ្នំពេញ, ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២
ភរិយាខ្ញុំ និងខ្ញុំ មុត ចន្ថា»។

សូមបញ្ជាក់ថា សពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានទទួលអនិច្ចកម្ម ដោយរោគាពាធ នៅម៉ោង៦៖២៥នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ។

សពរបស់សម្តេចពេលនេះ ត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ហើយនៅថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ សពសម្តេចនឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕