(ភ្នំពេញ)៖ លោកជំទាវ លាង វួចឆេង ភរិយាសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង នៅយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២នេះ បានក្រាបបង្គំទូលថ្វាយ សូមព្រះបរមរាជានុញ្ញាតថ្លែងអំណរព្រះរាជគុណ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន គោរមងារដល់ ឯកឧត្តម ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ជា «សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង»។

ក្នុងលិខិតរបស់លោកជំទាវ លាង វួចឆេង មានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា «ជាបឋមខ្ញុំម្ចាស់ រួមទាំងក្រុមគ្រួសារ សូមព្រះបរមរាជានុញ្ញាត ថ្លែងអំណរព្រះរាជគុណប្រកបដោយកតញ្ញូ កតវេទិតាធម៌ និងក្តីសោមនស្សរីករាយ ជាអនេកប្បការចំពោះព្រះករុណាជាអម្ចាស់ ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានគោរមងារដល់ស្វាមីខ្ញុំម្ចាស់ ឯកឧត្តម ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា និងជាតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ចាម ជា "សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង "តាមព្រះរាជក្រឹត្យលេខ នស/រកត/០៥២២/៤៧៨ ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២នេះ ។

ព្រះរាជគោរមងារ «សម្តេច ឧត្តមទេពញាណ ហ៊ុន ណេង» ដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទានជូននាឱកាសនេះ ពិតជាស័ក្តិសម និងគុណបំណាច់ដ៏ឧត្តុង្គឧត្តមរបស់ សម្តេច ឧត្តមទេពញាណ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបម្រើឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ ក្នុងបំណងសុខសន្តិភាពទាំងផ្លូវកាយ ទាំងផ្លូវចិត្តជានិច្ចនិរន្តរ៍តរៀងទៅ ។

ជាថ្មីម្តងទៀត ខ្ញុំម្ចាស់ រួមទាំងក្រុមគ្រួសារ សូមព្រះបរមរាជវរោកាសលំឱនកាយថ្វាយព្រះសព្ទសាធុការពរមហាប្រសើរសូម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ ទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈ ទ្រង់ប្រោសព្រះរាជមេត្តា ទទួលនូវអភិវន្ទនកិច្ច និងកតញ្ញូកតវេទិតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត អំពីខ្ញុំម្ចាស់ រួមទាំងក្រុមគ្រួសារ»៕