(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្វាយលិខិតមួយ ថ្លែងអំណរគុណព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដែលប្រទានគោរមងារជូន ព្រឹទ្ធាចារ្យ ហ៊ុន ណេង បងប្រុសបង្កើតរបស់សម្តេចជា «សម្តច ឧត្តមទេពញាណ ហ៊ុន ណេង»។

តាមរយៈលិខិតថ្លែងអំណរព្រះគុណនេះ សម្តេចតេជោ ហ៊ុន សែន បានទូលថ្វាយដូច្នេះថា៖

«បពិត្រព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ជាបឋមទូលព្រះបង្គំជាខ្ញុំនិងភរិយា សូមព្រះបរមរាជានុញ្ញាតថ្លែងអំណរព្រះរាជគុណប្រកបដោយកតញ្ញូ កតវេទិតាធម៌ និងក្តីសោមនស្សរីករាយជាអនេកប្បការចំពោះព្រះករុណាជាអម្ចាស់ ដែលព្រះអង្គសព្វព្រះរាជ ហឫទ័យប្រោសព្រះរាជទានគោរមងារឯកឧត្តម ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធាន គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្ត កំពង់ចាម ជា" សម្តច ឧត្តមទេពញាណ ហ៊ុន ណេង “ តាមព្រះរាជក្រឹត្យលេខ នស/រកត/០៥២២/៤៧៨ ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ នេះ ។

ព្រះរាជគោរមងារ “ សម្តេច ឧត្តមទេពញាណ ហ៊ុន ណេង” ដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទានជូននាឱកាសនេះ ពិតជាស័ក្តិសម និង គុណបំណាច់ដ៏ឧត្តុង្គឧត្តមរបស់ សម្ដេច ឧត្ដមទេពញាណ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបម្រើ ឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ ក្នុងបំណងសុខសន្តិភាពទាំងផ្លូវកាយ ទាំងផ្លូវចិត្តជានិច្ច និរន្តរ៍តរៀងទៅ ។

ជាថ្មីម្ដងទៀតទូលព្រះបង្គំជាខ្ញុំនិងភរិយា សូមព្រះបរមរាជវរោកាសលំឱនកាយថ្វាយព្រះសព្ទសាធុការពរ មហាប្រសើរសូម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ន ព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ ទ្រង់ស្តេចព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺៈអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈ ទ្រង់ប្រោសព្រះរាជមេត្តាទទួលនូវអភិវន្ទនកិច្ច និងកតញ្ញូ កតវេទិតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតអំពីទូលព្រះបង្គំជាខ្ញុំនិងភរិយា»៕