(ភ្នំពេញ)៖ លោក អុីស្មាអីល សាប្រ៊ី យ៉ាកុប នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២នេះ បានផ្ញើសារលិខិតមួយជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ ព្រឹទ្ធាចារ្យ ហ៊ុន ណេង បងប្រុសបង្កើតរបស់ សម្តេចតេជោ ហ៊ុន សែន។

តាមរយៈសារដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានបញ្ជាក់យ៉ាងដូច្នេះថា៖

«សូមជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តីជាទីរាប់អាន

រូបខ្ញុំបានសរសេរសារនេះ ព្រមជាមួយសេចក្តីសោកសង្រែងជាពន់ពេក សូមចូលរួមរំលែកទុក្ខដ៏ធំដែលបងប្រុសរបស់សម្តេចគឺ ឯកឧត្តម ហ៊ុន ណេង បានទទួលមរណភាពកាលពីម្សិលមិញ។ ក្រុមគ្រួសាររបស់គាត់ និង ប្រជាជននៃខេត្តកំពង់ចាមបានបាត់បង់ថ្នាក់ដឹកនាំដ៏ល្អមួយរូប។

ភាពសោកសៅនៃការបាត់បង់ភ្លាមៗនូវសមាជិកគ្រួសារដ៏ជិតស្និទ្ធគឺជាការមួយដែលលំបាកទទួលយកបានបំផុត។ ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយភរិយា បុត្រា បុត្រី និង ញាត្តិមិត្តទាំងអស់របស់ឯកឧត្តមហ៊ុនណេង។ ខ្ញុំសួមបួងសួងសូមសេចក្តីសុខ ជូនចំពោះសម្តេចតេជោផ្ទាល់ក៏ដូចជាជូនចំពោះក្រុមគ្រួសារសព ក្នុងពេលវេលាដ៏លំបាកនេះ។ រូបខ្ញុំក៏សូមជូនពរអោយពិធីបុណ្យសពប្រព្រឹត្តិទៅដោយដោយល្អប្រសើរតាមការគ្រោងទុកនៅថ្ងៃទី ៩ ឧសភាខាងមុខ។

ពីរូបខ្ញុំ អុីស្មាអីល សាប្រ៊ី យ៉ាកុប»។

សូមបញ្ជាក់ថា លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានទទួលអនិច្ចកម្ម ដោយរោគាពាធ នៅម៉ោង៦៖២៥នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ។

សពរបស់លោកពេលនេះ ត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ហើយនៅថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ សពលោកនឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕