(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី រណឫទ្ធិ ផ្ញើព្រះសារ ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា ដែលបានទទួលអនិច្ចកម្ម ដោយរោគាពាធ នៅម៉ោង ៦៖២៥នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ។

តាមរយៈព្រះសារលិខិត ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី រណឫទ្ធិ មានបន្ទូលយ៉ាងដូច្នេះថា៖ ខ្ញុំ និងក្រុមគ្រួសារ មានហឬទ័យ និងអារម្មណ៍រន្ធត់ក្តុកក្តួល និងសោកសង្រេងយ៉ាងក្រៃលែង ដោយបានទទួលព័ត៌មានដ៏សែនក្រៀមក្រំ ស្តីពីមរណភាពរបស់ ឯកឧត្តម ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា ប្រធានគណៈកម្មការទី ៤នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ដែលត្រូវជាស្វាមី ឪពុក ឪពុកក្មេក និងជីតា កាលពីថ្ងៃទី៥ ខែឧសភាឆ្នាំ២០២២ វេលាម៉ោង៦:២៥នាទីល្ងាច ក្នុងជន្មាយុ៧២ឆ្នាំ។

មរណភាពរបស់ ឯកឧត្តម ហ៊ុន ណេង គឺជាការបាត់បង់នូវស្វាមី ប្រកបដោយសង្គហធម៌ដ៏ល្អ និងជាការបាត់បង់នូវ ឪពុក ឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ ព្រមទាំងជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូប ដែលពេញមួយជីវិតបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងបុព្វហេតុដើម្បីបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនេះ ខ្ញុំ និងក្រុមគ្រួសារ សូមសំដែងនូវសមានទុក្ខ និងការសោកស្តាយឥតឧបមាជាមួយ លោកជំទាវ និងក្រុមគ្រួសារទាំងអស់នៃសព និងសូមធ្វើគារវកិច្ចដោយក្តីក្រៀមក្រំបំផុត
ចំពោះវិញ្ញាណក្ខន្ធ ឯកឧត្តម ហ៊ុន ណេង និងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធ ឯកឧត្តម ហ៊ុន ណេង សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា សពរបស់ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង ត្រូវតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ហើយនៅថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ សពឯកឧត្តម ហ៊ុន ណេង នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕