(ភ្នំពេញ)៖ លោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២នេះ បានទូរស័ព្ទផ្ទាល់មកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជូនសម្តេចតេជោចំពោះមរណភាពលោកព្រឹទ្ធាចារ្យ ហ៊ុន ណេង ដែលត្រូវជាបងប្រុសបង្កើតរបស់សម្តេច។ នេះបើតាមសម្តេចតេជោ បានប្រាប់អគ្គនាយកបណ្តាញព័ត៌មាន Fresh News លោក លឹម ជាវុត្ថា នៅមុននេះបន្តិច។

នៅក្នុងកិច្ចសន្ទនានោះ នាយករដ្ឋមន្រ្តីវៀតណាម បានមានប្រសាសន៍ប្រាប់សម្តេចតេជោថា លោកតំណាងឲ្យអគ្គលេខាបក្ស ប្រធានរដ្ឋ និងប្រធានសភា មានសេចក្តីរន្ធត់ និងសោកស្តាយជាពន់ពេក ដោយបានទទួលដំណឹងថា ឯកឧត្ដមព្រឹទ្ធាចារ្យ ហ៊ុន ណេង បានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ។សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ។

ជាការឆ្លើយតបសម្តេចតជោ ហ៊ុន សែន បានថ្លែងអំណរគុណនាយករដ្ឋមន្រ្តីវៀតណាម និងសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំវៀតណាមទាំងអស់ ចំពោះការចូលរួមរំលែកទុក្ខជាមួយសម្តេច ដែលបានបាត់បង់បងប្រុសជាទីស្រឡាញ់។

សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបជាមួយនាយករដ្ឋមន្រ្តីវៀតណាមថា «តាងនាមឱ្យក្រុមគ្រួសារទាំងមូល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសាររំលែកទុក្ខ ដែលឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម និងថ្នាក់ដឹកនាំវៀតណាម ចូលរួមរំលែកទុក្ខដល់ខ្ញុំ និងក្រុមគ្រួសារក្នុងឱកាសនៃការបាត់បង់ដ៍ធំធេងសម្រាប់គ្រួសារ»

សូមបញ្ជាក់ថា លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានទទួលអនិច្ចកម្ម ដោយរោគាពាធ នៅម៉ោង៦៖២៥នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ។ សពរបស់ លោកត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ហើយនៅថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ សពលោកនឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕