(ភ្នំពេញ)៖ លោក NGUYỄN HUY TANG អគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានផ្ញើសារលិខិតជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាព លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង ដែលត្រូវជាបងប្រុសបង្កើតរបស់សម្តេច។

ក្នុងសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន លោក NGUYỄN HUY TANG បានលើកឡើងថា៖

«សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត !

ខ្ញុំបាទ និងមន្ត្រីរដ្ឋការ បុគ្គលិក នៃស្ថានឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា មានសេចក្តីរន្ធត់ និងសោកស្តាយជាពន់ពេក ដោយបានទទួលដំណឹងថា ឯកឧត្ដមព្រឹទ្ធាចារ្យ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភាព្រះរាជាណាចក្រកម្ពុជា បានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ។

ក្នុងពេលវេលាប្រកបដោយសមានទុក្ខនេះ ខ្ញុំបាទ និងមន្ត្រីរដ្ឋការ បុគ្គលិកទាំងអស់ នៃស្ថានឯកអគ្គរដ្ឋទូតវៀតណាម សូមសម្តែងនូវក្តីក្រៀមក្រំយ៉ាងក្រៃលែង ចំពោះមរណភាពរបស់ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង ដែលជាបងប្រសជាទីស្រឡាញ់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ របស់ឯកឧត្ដមព្រឹទ្ធាចារ្យ ហ៊ុន ណេង សូមបានអញ្ជើញទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ សូមសម្តេចតេជោ នាយករដ្ឋមន្ត្រី មេត្តាទទួលនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុត អំពីយើងខ្ញុំ»។

សូមបញ្ជាក់ថា លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានទទួលអនិច្ចកម្ម ដោយរោគាពាធ នៅម៉ោង៦៖២៥នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ។ សពរបស់ លោកត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ហើយនៅថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ សពលោកនឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕