(រ៉ង់ហ្គូន)៖ បន្ទាប់ពីទទួលរងការចោទប្រកាន់ពីសំណាក់ក្រុមអ្នកការពារសិទ្ធិនៅ ក្នុងប្រទេស ថាសិទ្ធិសេរីភាពនៃការបញ្ចេញមតិ កំពុងតែត្រូវបានរឹតត្បិត ដោយរដ្ឋាភិបាលមីយ៉ាន់ម៉ាថ្មីនោះ គណបក្សកាន់អំណាចរបស់លោកស្រី អោងសាន ស៊ូជី បានចេញមុខច្រានចោលភ្លាមៗ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយ Channel News Asia នៅរសៀលថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០១៦។

ក្រុមអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាល និង អ្នកការពារសិទ្ធិនៅមីយ៉ាន់ម៉ា កាលពីពេលថ្មីៗនេះ បានបង្ហាញក្តីព្រួយបារម្ភរបស់ពួកគេ ដោយចោទប្រកា់ទៅលើរដ្ឋាភិបាលដឹកនាំដោយគណបក្ស NLD របស់លោកស្រី ស៊ូជី ថា «កំពុងមានគម្រោងធ្វើការកៀកសង្កត់សេរីភាពនៃការបញ្ចេញមតិ មិនខុសពីការដឹកនាំដោយអតីតរដ្ឋាភិបាលរបស់យោធានោះទេ»។

យ៉ាងណាក៏ដោយគណបក្ស NLD បានចេញសេចក្តីថ្លែងការណ៍មួយ ដោយឆ្លើយតបនឹងចោទ ប្រកាន់ទាំងនោះថា វាមិនមែនជារឿងពិតនោះឡើយ ហើយរដ្ឋាភិបាលថ្មីនឹងរៀបចំដោះស្រាយ បញ្ហាទាំងឡាយតាមរយៈការធ្វើកំណែទម្រង់ច្បាប់ឲ្យខុសពី សម័យកាលរបស់យោធាដែលបាន កន្លងផុតទៅ ដើម្បីការពារចំពោះការរៀបចំការតវ៉ានានាប្រកបដោយសន្តិវិធី ជាជាងការដាក់ទោស នឹងរឹតត្បិត សេរីភាពនៃការបញ្ចេញមតិទាំងឡាយ៕