(ប្រេស៊ីល)៖ ប្រធានាធិបតីបណ្តោះអាសន្នប្រេស៊ីល លោក Michel Temer នៅថ្ងៃនេះ បានសន្យា និងប្ដេជ្ញា​កែ​លម្អ​សេដ្ឋកិច្ចប្រេស៊ីលឲ្យបន្តកើនឡើង ដោយក្នុងនោះលោកមានយុទ្ធសាស្ត្រជាច្រើនដើម្បីឲ្យប្រទេសជាតិរីកចម្រើន និង​សុខសន្ដិភាព នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅមុននេះបន្តិច នាថ្ងៃទី១៣ ខែឧសភា។

នៅក្នុង​សុន្ទរកថាជាលើកដំបូងក្នុងនាមជា​ប្រធានាធិបតីស្ដីទី អតីតអនុប្រធានាធិបតីរូបនេះ បាន​លើកឡើងថា លោក​នឹង​ជំនះនូវវិបត្តិធ្ងន់ធ្ងរដែលកំពុងកើតមាននៅក្នុងប្រទេស ហើយលោកសន្យានឹងដោះស្រាយឲ្យបានឆាប់បំផុត ប៉ុន្តែ​លោក​ក៏ទាមទារឲ្យមានការសហការចូលរួមពីមន្ត្រីគ្រប់ជាន់ថ្នាក់ផងដែរ។

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលហ៊ុព័ទ្ធដោយរដ្ឋមន្ត្រីជាច្រើនរូប លោក Temer បានប្រកាសថា បញ្ហានៅចំពោះ​មុខ​ ដែលត្រូវដោះស្រាយមុនគេគឺបញ្ហាសេដ្ឋកិច្ច ដូច្នេះលោកត្រូវដោះស្រាយ និងធ្វើយ៉ាងណាឲ្យកំណើនសេដ្ឋកិច្ច​បន្ត​កើន​ឡើង។

គួរបញ្ជាក់ផងដែរថា ព្រឹទ្ធសភាប្រេស៊ីល នៅថ្ងៃទី១២ ខែឧសភាម្សិលមិញនេះ បានបោះឆ្នោតដកហូតតំណែង​របស់​លោកស្រី Dilma Rousseff ពីប្រធានាធិបតី ដោយជ្រើសតាំងលោក Michel Temer អនុប្រធានាធិបតី ឲ្យឡើង​កាន់​តំណែងប្រធានាធិបតីស្ដីទី ដោយលោកស្រី Dilma Rousseff ត្រូវបានព្រឹទ្ធសភា​បញ្ឈជើង ១៨០ថ្ងៃ ពាក់ព័ន្ធនឹងបទ​ចោទប្រកាន់ជាច្រើនករណី៕