(ភ្នំពេញ)៖ ផ្ទះប្រជាពលរដ្ឋចំនួន១៨ខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ដោយនៅក្នុងករណីគ្រោះអគ្គិភ័យនេះដែល គឺមិនបណ្ដាលឲ្យមានអ្នករងរបួសឡើយ។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ កើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិ២ ក្រុម៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២នេះ ដោយបានបញ្ជាក់ថា ចំពោះករណីអគ្គិភ័យខាងលើនេះ គឺបណ្ដាលឲ្យផ្ទះចំនួន ១៨ខ្នង ត្រូវឆាបឆេះអស់ទាំងស្រុង ក្នុងដោយក្នុងនោះ ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះ ចំនួន១៨ខ្នង គឺសាងសង់អំពីថ្មក្រោមឈើលើ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានប្រាប់ឲ្យដឹងថា ដោយនៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ គឺកម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៣០គ្រឿង ដោយក្នុងនោះរថយន្តការិយាល័យ អគ្គីភ័យចំនួន ២១គ្រឿង ប្រើប្រាស់ទឹកអស់ ៤២ឡាន ស្មើនឹង ១៦៨ម៉ែត្រគូប, រថយន្តជំនួយអន្តរាគមន៍មកពីសាលាខណ្ឌឫស្សីកែវចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡាន ស្មើនឹង ៨ម៉ែត្រគូប, រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន ៧គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៧ឡាន ស្មើនឹង ២៨ម៉ែត្រគូប, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៤ម៉ែត្រគូប។

លោកវរសេនីយ៍ឯក បានបន្តទៀតថា ដោយនៅក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានធ្វើការអន្តរាគមន៍បាញ់ពន្លត់ ឲ្យរលត់ទាំងស្រុងនៅវេលាម៉ោង១៖០០នាទីយប់រំលងអធ្រាត្រ។ ចំពោះមូលហេតុ នៃការឆាបឆេះផ្ទះប្រជាពលរដ្ឋ ខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវ៕