(ភ្នំពេញ)៖ ប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា(ស៉ីក្លូ) និងជានាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន តែងតែក្រើនរំលឹកដល់លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា យកចិត្តទុកដាក់និងមើលថែ ពីសុខទុក្ខបងប្អូនដែលជាសមាជិកអ្នកធាក់ស៉ីក្លូក្នុងរាជធានីភ្នំពេញ ពោលគឺនៅពេលពួកគាត់ជួបការលំបាក ខ្វះខាត ត្រូវជួយពួកគាត់ភ្លាម។

ជាក់ស្តែងនៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២នេះ លោក ឃួង ស្រេង បានចាត់លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា នាំយកនូវអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនបងប្អូនដែលជាសមាជិកអ្នកធាក់ស៉ីក្លូក្នុងរាជធានីភ្នំពេញចំនួន ៣០០នាក់ នៅសាលារាជធានីភ្នំពេញ ដើម្បីជួយសម្រួលដល់ការលំបាកក្នុងជីវភាពរបស់ពួកគាត់។

លោក ម៉េត មាសភក្តី បានឲ្យដឹងថា សមាជិកអ្នកធាក់ស៉ីក្លូក្នុងរាជធានីភ្នំពេញចំនួន៣០០នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ២៥គីឡូក្រាម , មី១កេសតូច , ទឹកស៉ីអ៉ីវ ឬទឹកត្រី១យូរ, ត្រីខ១យូរ និងប្រេងឆា១ដប។ ជាមួយគ្នានេះដែរ បងប្អូនអ្នកធាក់ស៉ីក្លូទាំង៣០០នាក់ ក៏ទទួលបានអាវឯកសណ្ឋានចំនួន២កំប្លេ និងបណ្ណ ប.ស.ស ដើម្បីឲ្យបងប្អូនទៅព្យាបាលជំងឺដោយមិនអស់ប្រាក់ផងដែរ។

លោក ម៉េត មាសភក្តី បន្តទៀតថា សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះបងប្អូនអ្នកធាក់ស៉ីក្លូទាំងនេះ ដោយក្នុងបរិបទកូវីដ-១៩ សម្តេចមិនត្រឹមតែផ្តល់វ៉ាក់សាំងជូនពួកគាត់ទេ នូវបានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ ម៉ាស អាកុល ជែលជូនពួកគាត់ថែមទៀត។ ក្រៅពីនេះ បងប្អូនអ្នកធាក់ស៉ីក្លូទាំង៣០០នាក់ក៏ទទួលបានប្រាក់ខែ ជារៀងរាល់ខែចំនួន ២១ម៉ឺនរៀលផងដែរ ដោយក្នុង១ខែពួកគាត់អាចបើកបាន ៣ដងក្នុង១ដង៧ម៉ឺនរៀល។

គួរបញ្ជាក់ផងដែរថា មូលនិធិនេះត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៨ មករា ឆ្នាំ២០១៨ គឺមានរយៈពេល៤ឆ្នាំ ហើយ ក្រោមការផ្តួចផ្តើមសម្តេចតេជោ ហ៊ុន សែន សំដៅអភិរក្សស៉ីក្លូ ដែលមានដើមកំណើតតាំងពីសម័យអនានិគមនិយមបារាំង៕